សន្ដិសុខសង្គម

បំបែកសំណុំរឿងស.ម្លាប់ញាត់សពចូលក្នុងវ៉ាលិសយកទៅបោះចោលនៅខេត្តកោះកុង

ដោយ៖ សុខុម

ភ្នំពេញ៖ សមត្ថកិច្ចនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ ចាប់ខ្លួនបានជនសង្ស័យម្នាក់ជាឃាតកស.ម្លាប់ជនរងគ្រោះរួចដាក់សពច្រកក្នុងវ៉ាលិសដឹកពីភ្នំពេញទៅទម្លាក់ចោលនៅឯទឹកដីខេត្តកោះកុង។

ជនសង្ស័យជាឃាតកស.ម្លាប់ជនរងគ្រោះរួចដាក់សពច្រកក្នុងវ៉ាលិស

សមត្ថកិច្ចបានឲ្យដឹងថា៖ ឃាតកម្មស.ម្លាប់គឺបន្ទាប់ពី ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលិសដាក់សាកសពមួយនៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (សពមិនស្គាលអត្តញ្ញាណ)នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងទីតាំងឈានទៅដល់ការឃាត់ខ្លួននៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានស.ម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន។ដំណើររឿងនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល ខ្លួនបានស.ម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែលខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលិសដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជម្រាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនសង្ស័យបាននិយាយបន្ថែមទៀតថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែ​ខឹងជនរងគ្រោះ បាន Hack យកគណនី ICloud  ,ធនាគារ ABA ,ស៊ីមទូរសព្ទរបស់ខ្លួនយកទៅគ្រប់គ្រង។

ទោះបីជាបែបនេះក្តី ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕