ព័ត៌មានជាតិ

លទ្ធផលនៃការពង្រីកផ្លូវជាតិលេខ៧សម្រេចបានចំនួន៥ភាគរយ ខណៈការដោះស្រាយផលប៉ះពាល់បានស្រុកចំនួនពីរ

ដោយ៖ គង់ហេង
កំពង់ចាម៖ បច្ចុប្បន្នយើងបានដោះស្រាយផលប៉ះពាល់ផ្តល់ជូនជាថវិកាដល់ ប្រជាពលរដ្ឋសរុបចំនួន ៩៣៤ គ្រួសារក្នុងឃុំចំនួន ប្រាំ និងស្រុកចំនួនពីរ ខណៈគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ស្ពានគីហ្ស៊ូណា សម្រេចបានចំនួន ៥ ភាគរយ។ នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លឹម ស៊ីដេនីន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៥ មីនាម្សិលមិញ។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការស្ថាបនា និងដោះស្រាយផលប៉ះពាល់ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជាបួនគន្លង ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម នៅក្នុងសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ការដោះស្រាយផលប៉ះពាល់ជាសំណងនៅស្រុកជើងព្រៃ ក្នុងឃុំចំនួន បី បានចំនួន ៣៦២ គ្រួសារ ចាប់ពីរង្វង់មូលស្គន់ ដល់ព្រំប្រទល់ស្រុកព្រៃឈរ តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ។

លោកបានបន្តថា៖ ចំពោះស្រុកព្រៃឈរបានដោះស្រាយផលប៉ះពាល់ផ្តល់ថវិកាជូនប្រជាពលរដ្ឋបានចំនួន ពីរឃុំស្មើចំនួន ៥៧២ គ្រួសារ។ ប៉ុន្តែដោយគ្រួសារស្រុកព្រៃឈរមានឃុំច្រើន ផលប៉ះពាល់មានទំហំធំ បានបែងចែកការដោះស្រាយជាបី ដំណាក់កាល ឥឡូវនេះបានដោះស្រាយបានដំណាក់កាលទី១ បានរួចរាល់ហើយ គឺនៅសល់ពីរដំណាក់ទៀត។ ហើយនៅពេលឆាប់ៗ ខាងមុខនេះ ការដោះស្រាយនឹងចូលដល់ស្រុកកំពង់សៀម។

ជាមួយនោះលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖ គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លងចម្ងាយ ៤៥,៥០០ គីឡូម៉ែត្រ ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម នឹងស្ថាបនាស្ពានចំនួន ប្រាំបី កន្លែង ហើយស្ពានមួយកន្លែងត្រូវកម្ទេចចោលទាំងអស់ និងប្រាំពីរកន្លែងទៀតត្រូវសាងសង់អមស្ពានចាស់គឺ ជាលទ្ធផលសម្រេចបានចំនួន ៥ភាគរយ៕