ដោយ៖ សុខុម
ស្ទឹងត្រែង:ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង នៅថ្ងៃទី២៦មីនា២០២៤ បានចុះត្រួតពិនិត្យត្រីលក់នៅទីផ្សារសាមគ្គីស្ទឹងត្រែង ដែលបានមកពីការបំពុល។
មន្ត្រីជលផលបានឱ្យដឹងថា ជាលទ្ធផលបានដកហូតប្រភេទត្រីប្រាកែ ចំនួន ៥០គីឡូក្រាម និងធ្វើកិច្ចសន្យាជាមួយអាជីវករចំនួន ០៣នាក់។
ប្រភពបានបញ្ជាក់ផងដែរថា ត្រីទាំងនេះគឺបងប្អូនអាជីវករយល់ព្រមប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី។ម្យ៉ាងវិញទៀតត្រីទាំងនេះគឺបានទិញពីប្រជានេសាទមកពីខាងស្រុកសៀមបូកចំនួន០២នាក់ និងទិញពីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ចំនួន០១នាក់។ កន្លងមកនុយដែលប្រជានេសាទប្រើក្នុងការបំពុលត្រីមានដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ…លាយជាថ្នាំបំពុលដើម្បីបោះចូលទឹកឲ្យត្រីស៊ី។
ក្រោយពីប្រជាពលរដ្ឋយល់ព្រមប្រគល់មកឱ្យមន្ត្រីជំនាញ ត្រីទាំងនោះត្រូវបានបំផ្លាញចោល។ បើត្រីទាំងនេះត្រូវបានប្រជាជនយកទៅហូប ហើយមានជាតិពុលខ្លាំង ក្រោយហូបត្រីនេះទៅនឹងធ្វើឲ្យមនុស្សពុលផងដែរ។ បើសិនមានជាតិពុលតិចពេលហូបត្រីនេះទៅនឹងធ្វើឲ្យប៉ះពាល់សុខភាពនៅពេលក្រោយទោះមិនពុលភ្លាមៗក៏ដោយ។
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង អំពាវនាវសូមឲ្យប្រជានេសាទឈប់នេសាទដោយសារធាតុពុល ហើយប្រជាជនឈប់រើសត្រីពុល។អាជីវករឈប់ទិញ-លក់-ដឹកជញ្ជូនត្រីដែលបានពីការនេសាទខុសច្បាប់ទាំងបំពុល ឆក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផល៕