អន្តរជាតិ

អាមេរិកអះអាងថាអ៊ុយក្រែនមិនមានពាក់ព័ន្ធក្នុងការវាយប្រហារភេវរកម្មក្នុងទីក្រុងមូស្គូទេ

ប្រែសម្រួល៖ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ ទី២៤ មីនា សេតវិមានរបស់ប្រធានាធិតីអាមេរិកបានថ្លែងថាប្រទេសអ៊ុយក្រែនមិនពាក់ព័ន្ធនឹងការវាយប្រហារភេវរកម្មអ្វីទាំងអស់។ នៅក្នុងការវាយប្រហារដ៏សាហាវឃោរឃៅដែលបានសម្លាប់ពលរដ្ឋរុស្សីយ៉ាងរង្គាលនៅក្នុងសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សជាង ១៣០ នាក់នោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុងគីវ។

លោកស្រី Adrienne Watson អ្នកនាំពាក្យសេតវិមានផ្នែកសន្តិសុខជាតិបានលើកឡើងថាវាជាស្នាដៃរបស់ក្រុមភេវរកររដ្ឋអ៊ីស្លាមគឺ “ISIS ដែលជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារដ៏បង្ហូរឈាមមួយនេះ គឺមិនមានពាក់ព័ន្ធនឹងអ៊ុយក្រែននោះទេ” ។

បើទោះបីជាមិនមានភ័ស្តុតាង “មិនមែនអ៊ុយក្រែននោះក៏ដោយ” អ្នកស្រីអនុប្រធានាធិបតី Kamala Harris បានធ្វើបទសម្ភាសន៍ជាមួយភ្នាក់ងារយកព័ត៍មានរបស់ទូរទស្សន៍ ABC News “ព័ត៍មានប្រចាំសប្តាហ៏-This Week” ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកស្រីអនុប្រធានាធិបតីបាននិយាយថា “តាមពិតទៅ ISIS-K គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះព្រឹត្តិការណ៏សម្លាប់រង្គាលដែលបានកើតឡើងនៅក្នុងទីក្រុងក្រុងមូស្គូ”។

អក្សរ “K” សំដៅលើពាក្យថា Khorasan ហើយការវាយប្រហារនេះត្រូវបានអះអាងដោយសាខារបស់ក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

កាលពីល្ងាចថ្ងៃសុក្រយ៉ាងហោចណាស់មានមនុស្ស ១៣៧ នាក់ត្រូវបានសម្លាប់ នៅពេលដែលខ្មាន់កាំភ្លើងបិទមុខម្នាក់បានបើកការវាយប្រហារនៅក្នុងសាលាក្រុង Crocus នៅតំបន់ជាយក្រុង Krasnogorsk ភាគខាងជើងនៃទីក្រុងមូស្គូ ហើយបន្ទាប់មកក៏បានដុតបំផ្លាញអគារនោះ។

កាលពីថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ិស្លាម បានសរសេរនៅលើ Telegram របស់ខ្លួនថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ IS បួននាក់ ប្រដាប់ដោយកាំភ្លើងយន្ត កាំភ្លើងខ្លី កាំបិត និងគ្រាប់បែកផ្សែង ដែលជាផ្នែកមួយនៃ “ការវាយប្រហារដ៏ក្ដៅគគុក” ជាមួយនឹង “ប្រទេសដែលប្រឆាំងនឹងសាសនាអ៊ីស្លាម”។

លោកពូទីនបានប្តេជ្ញាថានឹងសងសឹកក្រុមដែលនៅពីក្រោយ “ការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃ” នេះ ក៏ប៉ុន្តែនៅក្នុងសុន្ទរកថាជាសាធារណៈរបស់គាត់ស្តីពីការវាយប្រហារសម្លាប់រង្គាលនេះលោកមិនបានសំដៅទៅលើការអះអាងទទួលខុសត្រូវរបស់ក្រុម ISនោះទេ។

ផ្ទុយទៅវិញ គាត់បាននិយាយថា ខ្មាន់កាំភ្លើងបួននាក់ ដែលព្យាយាមរត់ភៀសខ្លួនទៅកាន់អ៊ុយក្រែន ត្រូវបានចាប់ខ្លួន។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ថា “ពួកគេបានព្យាយាមរត់គេចខ្លួន ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។ ដែលយោងទៅតាមព័ត៍មានបឋម ច្រកព្រំដែនមួយត្រូវបានរៀបចំសម្រាប់ពួកគេឆ្លងកាត់ទៅខាងទឹកដីអ៊ុយក្រែន ដើម្បីឆ្លងកាត់” ។

ទីក្រុង Kyiv បានបដិសេធយ៉ាងខ្លាំងក្លាចំពោះការពាក់ព័ន្ធនឹងការវាយប្រហារដ៏បង្ហូរឈាម ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់លោក Putin ថាបានព្យាយាមបង្វែការស្តីបន្ទោសមកលើក្រុង Kyiv ។

IS-K គឺជាក្រុមសកម្មប្រយុទ្ធនិកាយស៊ុននី ដែលបានផុសចេញពីខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន តាំងពីឆ្នាំ ២០១៥ ហើយបានដាក់ពង្រាយក្រុមសកម្មប្រយុទ្ធរបស់ពួកគេចាប់ពីប្រទេសឥណ្ឌា អ៊ីរ៉ង់ និងអាស៊ីកណ្តាលជាដើម។

ក្រុមសកម្មប្រយុទ្ធ IS-K នេះបានធ្វើការវាយប្រហាររាប់សិបលើកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ នៅក្រោមការគ្រប់ក្រងរបស់ក្រុមតាលីបង់ដែលបានចាត់ទុក IS-K ជាសត្រូវ អ្នកវិភាគនិយាយថារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ IS-K នៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានបំផ្លាញ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រុមសកម្មប្រយុទ្ធ IS-K បានបង្កើនសកម្មភាពនៅទូទាំងពិភពលោក៕
ប្រភព៖ AFP/fs