សន្ដិសុខសង្គម

មុខសញ្ញាឆក់កាបូបតាមដងផ្លូវបន្តបន្ទាប់ចំនួន ៥នាក់ត្រូវសមត្ថកិច្ចបង្ក្រាបបាននាំខ្លួនអនុវត្តច្បាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនក្រុមឆក់កាបូប និងទូរសព្ទតាមដងផ្លូវចំនួន ៥នាក់ ខណ:ទើបចេញពីពន្ធនាគារបាន ២ខែ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ឲ្យដឹងថា÷ ក្រោមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបបានចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) មួយករណី ហើយបាននាំខ្លួនជនសង្ស័យចំនួន ០៥ នាក់មកសាកសួរនៅការិយាល័យជំនាញ។

ជនសង្ស័យមានឈ្មោះបូរ៉ា សុវណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ជាអ្នកបើកម៉ូតូ, ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាអ្នកធ្វើសកម្មភាពឆក់យកកាបូប, ឈ្មោះខុន រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ, ឈ្មោះរ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបងនិងឈ្មោះ ឈិន ជីវ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបក្ខពួក។ ក្រុមខាងលើនេះមានជនដៃដល់ចំនួន ២នាក់ធ្លាប់ជាប់ពន្ធនាគារមិនតិចជាង ៥ដងឡើយ។

វត្ថុតាងដែលដកហូតបានក្នុងការបង្រ្កាបរួមមាន៖ កាបូបស្ពាយមួយ, ទូរសព្ទដៃចំនួន ០២គ្រឿង, ម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ ស លាយផ្កាឈូក ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៣៤៣។ ករណីខាងលើនេះការិយាល័យជំនាញគ្រោងនឹងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទោសនៅដើមសប្ដាហ៍នេះ៕

 

តាហ៍នេះ៕