សន្ដិសុខសង្គម

អំពាវនាវដល់ពលរដ្ឋសហការបង្រ្កាបគ្រឿងញៀនប្រើគោលការណ៍«ប្រជាពលរដ្ឋម្នាក់គឺនគរបាលម្នាក់»

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការបង្រ្កាបបទល្មើសគ្រឿងញៀន ដោយរាយការណ៍ឱ្យបានពិតប្រាកដពីសកម្មភាពបទល្មើស នឹងទទួលបានរង្វាន់ពោល គឺចូលរួមអនុវត្តគោលការណ៍«ប្រជាពលរដ្ឋម្នាក់គឺ នគរបាលម្នាក់»។

លោកអភិបាលខេត្តកំពង់ចាមបានអំពាវនាវបែបនេះ ខណៈលោកបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លងមហាកុដិ និងសមទ្ធិផលនានានៅវត្តឥន្ទខីលារាម ហៅថ្មគោល ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម កាលពីព្រឹកថ្ងៃទី ២២ មីនានេះ។


លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ បើលោកយាយ លោកតា ឃើញកូន ចៅ បំពានគ្រឿងញៀន (ប្រើប្រាស់គ្រឿងញៀន) សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកគាត់(អ្នកបំពាន ឬប្រើប្រាស់)ទៅបន្សាប កុំលាក់បាំង គ្មានទោសទេ។ដោយ បន្សាប អប់រំ ណែនាំហើយប្រគល់ជូនក្រុមគ្រួសារវិញ។

លោកបានបន្ថែមថា៖ មួយវិញទៀតឃើញមានការជួញដូរគ្រឿងញៀន នៅក្នុងសហគមន៍ មូលដ្ឋានភូមិ ឃុំ ជាពិសេសករណីជួបអ្នកសង្ស័យជួញដូរ ចែកចាយ គ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ គឺសមត្ថកិច្ចរក្សាការសម្ងាត់ ហើយអ្នករាយការណ៍ទទួលបានរង្វាន់ទៀត គឺឱ្យតែការរាយការណ៍នោះពិតប្រាកដ។

លោកបានបន្តថា៖ ជាក់ស្តែងកន្លងមកនៅក្រុងកំពង់ចាមយើងធ្លាប់បង្រ្កាបបានច្រើនករណី គឺមានបងប្អូនប្រជាពលរដ្ឋ នៅជិតខាងអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន បានរាយការណ៍ និងថតរូបភាពជនល្មើសធ្វើសកម្មភាពចែកចាយ គ្រឿងញៀនបានរាយការណ៍ និងផ្ញើត្រង់មកកាន់លោក លោកបានបញ្ជាឱ្យខាងស្នងការនគរបាលខេត្តកំពង់ចាមទៅបង្រ្កាប គឺចាប់បានចំនួន បី នាក់ គឺភិនភាគដូចប្រភពបានរាយការណ៍ប្រាកដមែន។

លោកបានបន្តថា៖ នេះជាផលប្រយោជន៍ នៃការសហការផ្តល់ព័ត៌មានរាយការណ៍ ពីបទល្មើសគ្រឿងញៀន ប៉ុន្តែចូរណែនាំអប់រំ កូនចៅ នៅឱ្យឆ្ងាយពីគ្រឿងញៀន។ ដោយសារថា ផ្អែកតែលើអាជ្ញាធរ និងសមត្ថកិច្ចមិនគ្រប់គ្រាន់ទេ គឺត្រូវការរួមសហការ ដោយអនុវត្តនូវគោលការណ៍«ប្រជាពលរដ្ឋម្នាក់ គឺនគរបាលម្នាក់» ធ្វើយ៉ាងណាឱ្យភូមិ ឃុំរបស់យើងគ្មានគ្រឿងញៀន៕