ប្រែសម្រួល៖ស-សម្បត្តិ
កាលពីថ្ងៃពុធ ទី២០ មីនាកន្លងមកនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចលើការលាលែងចេញពីតំណែងរបស់ប្រធានាធិបតី Vo Van Thuong ទាំងក្នុងរដ្ឋាភិបាល និងក្នុងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជាផ្លូវការរួចរាល់ហើយ។
រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំវិសាមញ្ញបិទទ្វារមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបោះឆ្នោតកំបាំងមុខជាផ្លូវការលើការលាលែងពីតំណែងរបស់លោក Vo Van Thuong ដែលបានកាន់អំណាចក្នុងរយៈពេលត្រឹមតែមួយឆ្នាំជាប្រធានាធិបតី។ លោកThuong ត្រូវបានជាប់សង្ស័យថាមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកហៅថា Phuc Son ដែលបច្ចុប្បន្នកំពុងត្រូវបានតុលាការកាត់ទោសក្រោមការចោទប្រកាន់លើបទពុករលួយផ្សេងៗគ្នា។
យោងតាមប្រភពក្រៅផ្លូវការដែលទុកចិត្តបានឲ្យដឹងថាក្នុងអំឡុងពេលដែលគាត់នៅជាលេខាបក្សខេត្ត Quang Ngai ចាប់ពីឆ្នាំ២០១១ ដល់ ២០១៤ សាច់ញាតិម្នាក់ក្នុងចំណោមសាច់ញាតិរបស់លោក Thuong បានទទួលប្រាក់សំណូកចំនួន ៦០ ពាន់លានដុងស្មើនឹង ២.៤ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Phuc Son ដែលគេសង្ស័យថាសម្រាប់សូកប៉ាន់លោក Thuong ដើម្បីជាសាគុណ។
ការចាកចេញពីតំណែងរបស់លោក Thuong ក្នុងលក្ខណ្ឌមួយមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសវៀតណាម។ គិតចាប់តាំងពីសមាជជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនៅដើមឆ្នាំ ២០២១ មានការបណ្តេញចេញ និងការកាត់ទោសមន្ត្រីថ្នាក់ខ្ពស់ជាច្រើន រួមទាំងសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចំនួនបួនរូបដែលរួមមទាំងលោក Thuong ដែលជាអ្នកស្នងតំណែងបន្តពីលោក Nguyen Xuan Phuc ថែមទាំងមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពីររូប និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបថែមទៀតផង។
ការតែងតាំងជំនួសតំណែងប្រធានាធិបតីភ្លាមៗត្រូវបានធ្វើឡើងគួរឲ្យកត់សម្គាល់ខណៈដែលលោក Phuc ក៏ត្រូវបានទម្លាក់ពីតំណែងក្នុងរយ:ពេលមិនដល់ពីរឆ្នាំបើគិតចាប់តាំងពីដើមឆ្នាំ ២០២៣កន្លងមកនោះ។
ចាប់តាំងពីលោក Phuc ចាកចេញលោក Thuong ក៏មិនអាចធ្វើឲ្យមានផ្លាស់ប្តូរគោលនយោបាយសំខាន់ៗអ្វីនោះទេ។ ថែមទាំងបង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមវិនិយោគិនដែលត្រូវបានអូសទាញឲ្យមករកស៊ីនៅក្នុងប្រទេសវៀតណាម ដោយសារតែស្ថិរភាពបរិយាកាសនយោបាយបើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់។ លើសពីនេះទៀតដំណឹងនៃការចាកចេញរបស់លោក Thuong បានធ្វើឲ្យវិនិយោគិនមានភាពស្រពិចស្រពិលមិនច្បាស់លាស់ថែមទៀតចំពោះនយោបាយវៀតណាម។
ស្ថានភាពនយោបាយវៀតណាមកាន់តែអាក្រក់ទៅៗ ចំណែកសុខភាព របស់អគ្គលេខាធិកា Nguyen Phu Trong កាន់តែមិនល្អនិងមិនច្បាស់លាស់នៅជុំវិញផែនការរើសអ្នកស្នងដំណែងរបស់គាត់ហាក់ដូចជាធ្វើឲ្យមានការប៉ះទង្គិចខាងផ្លូវនយោបាយផ្ទៃក្នុងកាន់តែខ្លាំងឡើងរហូតដល់ថ្ងៃបើកសមាជជាតិនៅដើមឆ្នាំ ២០២៦ ។ ដោយសារតែកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
- ប្រធានាធិបតីថ្មី
ការចាកចេញរបស់លោក Thuong បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះទស្សនវិស្ស័យនយោបាយរបស់វៀតណាមនៅថ្ងៃអនាគត ជាពិសេសក្នុងការប្រជែងគ្នាយកតំណែងជំនួសអគ្គលេខាធិកា Nguyen Phu Trong ដែលគេរំពឹងទៅលើអ្នកដែលនឹងមកបំពេញតួនាទីជំនួសលោក Thuong។
យោងតាមបទប្បញ្ញត្តិរបស់បក្សកុម្មុយនិស្តវៀតណាមប្រធានាធិបតីថ្មីត្រូវតែបំពេញអាណត្តិជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មានន័យថា អ្នកប្រកួតប្រជែងប្រកបដោយសក្តានុពលរួមមាន លោក Trong នាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានរដ្ឋសភា Vuong Dinh Hue សមាជិកអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តវៀតណាម និង លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអ្នកស្រីTruong Thi Mai និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោក To Lamជាដើម។
លោក Trong ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ អាចនឹងទាមទារមកកាន់តំណែងវិញ ប៉ុន្តែចោទលើបញ្ហាសុខភាពរបស់គាត់នោះហើយជាឧបសគ្គចម្បងរបស់គាត់។ ចំណែក Chinh និង Hue ទំនងជាមិនមានការចាប់អារម្មណ៍ណាស់ណាទេ ដោយសារមុខតំណែងបច្ចុប្បន្នរបស់ពួកគេកាន់អំណាចច្រើនជាងតំណែងប្រធានាធិបតី។ សម្រាប់លោក To Lam និងអ្នកស្រី Mai គឺជាជម្រើសដែលទំនងជាងគេបំផុត។
នៅក្នុងអាយុ ៦៦ ឆ្នាំ លោក Lam អាចមានការចាប់អារម្មណ៍ខ្លាំងចំពោះតំណែងមួយនេះ ដោយសារតែអាចបើកឱកាសដល់គាត់ក្នុងការស្វែងរកការលើកលែងច្បាប់កំណត់អាយុរបស់សមាជិកបក្សសម្រាប់ការឈរឈ្មោះក្នុងការប្រជែងយកតំណែងកំពូលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅក្នុងឆ្នាំ ២០២៦ ។
តែបើទោះយ៉ាងណាក៏ដោយ គាត់ក៏អាចត្រៀមទុកជាមុនផងដែរសម្រាប់តំណែងប្រធានាធិបតីថ្មីនេះ។ មុខតំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបច្ចុប្បន្នមានអំណាចខ្លាំងណាស់ ជាពិសេសក្នុងបរិបទនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តដំណើរការដោយមេដឹកនាំបក្សបក្សកុម្មុយនិស្តវៀតណាម។ ផ្ទុយទៅវិញ តួនាទីរបស់ប្រធានាធិបតីជាចម្បងទាក់ទងនឹងពិធីការតែប៉ុណ្ណោះទេ។
ម៉្យាងវិញទៀតអ្នកស្រី Mai ក៏ជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់តំណែងនេះផងដែរ ជាពិសេសនៅក្នុងក្រសែភ្នែករបស់អ្នកដែលប្រកួតប្រជែងដណ្តើមតួនាទីជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ តែដោយសារមូលដ្ឋាននៃអំណាចរបស់អ្នកស្រីនៅទន់ខ្សោយនោះបានន័យថាគាត់ទំនងជាមិនអាចប្រើប្រាស់តំណែងប្រធានាធិបតីថ្មីសម្រាប់ជាមធ្យោបាយតោងឡើងឋាន:កំពូលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ ២០២៦ បានទេ។
មានជម្រើសមួយទៀតគឺគណបក្សធ្វើការកែប្រែច្បាប់និងតែងតាំងអ្នកនយោបាយផ្សេងទៀតដែលនៅមិនទាន់បានបញ្ចប់អាណត្តិពេញលេញជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្ត ក៏ប៉ុន្តែអ្នកនោះមានសក្តានុពលដែលអាចនាំមកនូវស្ថិរភាពដល់ប្រព័ន្ធនយោបាយបក្សកុម្មុយនិស្តវៀតណាម។ក្នុងសេណារីយ៉ូនេះ បេក្ខជនដែលមានសក្តានុពលរួមមានលេខាបក្សក្រុងហូជីមិញ លោក Nguyen Van Nen ឬរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phan Van Giangជាដើម ។
បេក្ខជនដែលមានសក្តានុពលបច្ចុប្បន្នត្រូវមកជំនួសលោក Trong តែទំនងជាមិនមានអ្នកគាំទ្រឲ្យអនុវត្តតាមសេណារីយ៉ូនេះទេ ដោយសារពួកគេមិនចង់ឃើញការលេចធ្លោរបស់អ្នកថ្មី ដែលរារាំងពួកគេមិនឲ្យសម្រេចបានសេចក្តីប្រាថ្នាផ្ទាល់ខ្លួនសម្រាប់ឡើងកាន់តំណែងកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ ២០២៦។
- ភាពស្រពិចស្រពិលខាងផ្លូវនយោបាយនៅតែបន្ត
ដោយសារទម្រង់នៃការជ្រើសរើសមានសភាពចម្រូងចម្រាស់និងស្មុគស្មាញគួបផ្សំនិងពេលវេលាមានកំណត់ ហើយគណបក្សនៅតែមិនទាន់បានសម្រេចជ្រើសរើសបេក្ខភាពជាឯកច្ឆន្ទសម្រាប់ស្នងតំណែងលោក Thuong ថែមទៀតផងហេតុនេះហើយ លោកអនុប្រធានាធិបតី Vo Thi Anh Xuan នឹងបន្តកាន់តំណែងជាប្រធានាធិបតីស្តីទី រហូតដល់មានការសម្រេចចុងក្រោយ។
ឆុតឆាកនយោបាយផ្ទៃក្នុងរបស់វៀតណាមនៅតែស្រពិចស្រពិលមិនច្បាស់លាស់ដែលគេរំពឹងថានៅតែបន្តរហូត។ អ្នកវិនិយោគិនខ្លះបានសម្រេចចិត្តដើរចេញដោយរង់ចាំរហូតដល់ភាពចម្រូងចម្រាស់ផ្នែកនយោបាយផ្ទៃក្នុងរបស់វៀតណាមត្រូវបានដោះស្រាយមិនឲ្យសល់សូម្បីតែធូលីមួយដុំមុននឹងធ្វើការសម្រេចចិត្តបន្តរកស៊ីនៅវៀតណាមជាបន្តទៀត។ ទំនាក់ទំនងការបរទេសរបស់ប្រទេសនេះត្រូវរងផលប៉ះពាល់ផងដែរដោយសារតែមានពន្យារពេលឬលុបចោលការផ្លាស់ប្តូរអនុសារណ:ទ្វេភាគីកម្រិតកំពូលរបស់ប្រទេសនេះ។
ដោយសារតែនៅក្នុងដំណាក់កាលដកលោក Thuong នៅមិនទាន់ដាច់ស្រេចនោះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ស្តេច Willem-Alexander និងម្ចាស់ក្សត្រី Maxima នៃប្រទេសហូឡង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមីនា ត្រូវបានពន្យារពេលតាមការស្នើសុំរបស់វៀតណាម។
បើទោះបីជាមានប្រធានាធិបតីថ្មីក៏ដោយ ក៏ជម្លោះនយោបាយផ្ទៃក្នុងរបស់វៀតណាមទំនងជានឹងនៅតែបន្តរហូតដល់ឆ្នាំ ២០២៦ លុះត្រាតែមានផែនការសម្រាប់អ្នកស្នងតំណែងច្បាស់លាស់ជំនួសលោក Trong ត្រូវបានប្រកាស។ ក្នុងខណ:នោះផងដែរអ្នកវិនិយោគ និងដៃគូរបស់វៀតណាមនឹងត្រូវរស់នៅជាមួយការពិតនៃនយោបាយថ្មីរបស់ប្រទេសមួយនេះ។
បក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលរបស់ខ្លួនប្រហែលជាចង់កែសម្រួលទស្សនវិស្ស័យនយោបាយដ៏ស្រពិចស្រពិលមិនច្បាស់លាស់នេះតាមមធ្យោបាយពន្លឿនដំណើរការផ្លាស់ប្តូរអំណាច និងជ្រើសរើសប្រធានាធិបតីថ្មីដែលអាចបំពេញអាណត្តិដោយរលូនរហូតដល់ឆ្នាំ ២០២៦។ នេះជាទស្សនវិស្ស័យនយោបាយដ៏សំខាន់មួយសម្រាប់ពួកគេនៅក្នុងខណ:ពេលនេះ។
ទន្ទឹមនឹងនេះ ការកែលម្អបរិយាកាសសម្រាប់វិនិយោគិនតាមរយៈការសម្រួលនីតិវិធីការិយាធិបតេយ្យ ការបង្កើនប្រសិទ្ធភាពនៃការសម្រេចចិត្ត និងការដករបាំងច្បាប់ និងបទប្បញ្ញត្តិសម្រាប់អ្នកវិនិយោគគួរតែជាអាទិភាពដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងស្ដារទំនុកចិត្តអ្នកវិនិយោគលើទស្សនវិស័យនយោបាយ និងសេដ្ឋកិច្ច។
បញ្ជាក់៖ ការធ្វើអត្ថាធិប្បាយនេះធ្វើឡើងដោយលោក Le Hong Hiep អ្នកសម្របសម្រួលជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីសិក្សាវៀតណាមនៅវិទ្យាស្ថាន ISEAS – Yusof Ishak បានធ្វើការចេញផ្សាយលើកដំបូងនៅលើប្លក់របស់វិទ្យាស្ថាន Fulcrum ៕
ប្រភព៖ Others/el