សន្ដិសុខសង្គម

ករណីជនសង្ស័យកាប់ជនរងគ្រោះ២នាក់រងរបួសធ្ងន់នៅខេត្តព្រៃវែងតាមចាប់បានដល់ខេត្តព្រះសីហនុ

ដោយ៖ សុខុម
ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រៃវែងនិងព្រះសីហនុ នៅថ្ងៃទី២១មីនា២០២៤ តាមចាប់បានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់ជនរងគ្រោះពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅខេត្តព្រៃវែងហើយរត់គេចខ្លួនទៅដល់ខេត្តព្រះសីហនុ។


សមត្ថកិច្ចបាននិយាយឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅ ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ នឹងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចក្រុម៨ ភូម៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យសមត្ថកិច្ចនាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរនៅពុំទាន់ដឹងមូលហេតុដែលបានកើតឡើងនៅឡើយ៕