សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តឱ្យមានការជំរុញការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការនិងត្បូងមានតម្លៃឱ្យកាន់តែធំ

ដោយៈសិរីមតី/ភ្នំពេញ៖ ទំហំទីផ្សារគ្រឿងអលង្ការនិងត្បូងមានតម្លៃនៅកម្ពុជាកំពុងបន្តរីកកាន់តែធំជាពិសេសក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ស្របនឹងបរិបទនេះ ក្រសួងពាណិជ្ជកម្ម បានគាំទ្រនិងជំរុញលើកទឹកចិត្តការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការនិងត្បូងមានតម្លៃនៅកម្ពុជាតាមរយៈការចូលរួមបង្កើតសមា គមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាប្រមូលកៀងគរផលិតករ អាជីវករ ក្រុមហ៊ុននិងគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគ្រឿងអលង្ការទាំងអស់ឱ្យក្លាយ​ទៅជាតួអង្គតែមួយ និងប្រមូលផ្តុំ លើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍លើវិស័យគ្រឿងអលង្ការ ទាំងការរចនាម៉ូដ  ការធ្វើពិពិធកម្មទីផ្សារ ដើម្បីជួយ​រាជរដ្ឋាភិបាលបើកច្រកសេដ្ឋកិច្ចសម្រាប់វិស័យនេះនិងចូលរួមចំណែកក្នុងការនាំយករូបិយបណ្ណបរទេសមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងដូច្នេះក្នុងពិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ នារសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកស្រីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្ពុជា ពង្រឹងការគ្រប់គ្រង​លើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ ដើម្បីកសាងទំនុកចិត្ដជូនអតិថិជនក្នុង និងក្រៅប្រទេស។ជាពិសេសជ្រៀតចូលទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ដែលកម្ពុជាកំពុងតែមានស្រាប់ និងកំពុងចរចារជា​បន្ដបន្ទាប់។

លោកស្រី តាន់ ទេពីកណ្ណិកា ក៏បានលើកទឹកចិត្ដដល់សមាគម ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ បន្ដអនុវត្ដនូវគំនិតផ្ដួចផ្ដើម និងវិធានការចាំបាច់នានា ក្នុងការរៀប​ចំ​ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ដល់ការយល់ដឹង ពីវិស័យគ្រឿងអលង្ការដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយឧត្ដមភាពនិងនិរន្ដភាពលើឆាកអន្ដរជាតិ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឲ្យដឹងថាពិព័រណ៍គ្រឿងអលង្ការនិងត្បូងកម្ពុជាអន្ដរជាតិនេះមានគោលបំណងឲ្យបងប្អូនអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនគ្រឿងអលង្ការ ទាំងក្នុងស្រុក និងក្រៅស្រុក មានការតាំងបង្ហាញនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន ទាំងលើទីផ្សារជាតិ និងអន្តរជាតិ។

លោកបណ្ឌិតប្រធានស្ដីទីសមាគម បានលើកឡើងថា៖ ការដាក់តាំងបង្ហាញនេះ គឺដើម្បីបញ្ចេញនូវភាពល្អឥតខ្ចោះ នៃផលិតផលរបស់ខ្លួន និងការកែច្នៃម៉ូតជាច្រើន ព្រមទាំងការប្រកួតប្រជែង នូវផលិតផលនាំចេញនាំចូលទាំងថ្នាក់ជាតិ និងអន្តរជាតិ គ្រប់បណ្តាប្រទេស ដែលជាដៃគូរបស់កម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ ឆ្នាំ២០២៤ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអគារ A B C មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងដោយសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។

កម្មវិធីពិព័រណ៍នេះ មានការចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅប្រទេស ដូចជា៖ ក្រុមហ៊ុនកម្ពុជា ចិន ឥណ្ឌា អ៊ីតាលី ជប៉ុន ថៃ និងវៀតណាមជាដើម ព្រមទាំងមានការដាក់តាំងបង្ហាញលក់គ្រឿងអលង្ការ ត្បូងមានតម្លៃ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីសម្រាប់កែច្នៃគ្រឿងអលង្ការផងដែរ។

គួររំលឹកថា៖នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការនិងត្បូងមានតម្លៃទៅទីផ្សារអន្តរជាតិជាង៨៥១លានដុល្លារអាមេរិក​កើន​២៦១​ភាគរយ​ធៀបនឹងឆ្នាំ២០២២៕