ដោយ : បន្ទាយ
បន្ទាយមានជ័យ:ក្រោយមានការដកទាំងប្រធានមន្ទីរដែលមានរឿងអាស្រូវវ័ណ្ឌក រុំកោះ រងការប្ដឹងនិងដកទាំងអ្នកប្តឹង ដែលមានលោកលោកស្រីអនុប្រធានមន្ទីរទាំងអស់ ប្រធាន អនុប្រធានការិយាល័យនិងមន្ត្រីជំនាញកន្លងមក ហើយតមកមានបាតុភាពកកស្ទះឯកសារនិងការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហៅកាត់ថា ដនស បានសម្រេចតែងតាំងប្រធានស្តីទី មន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ។
យោងលិខិតប្រកាសស្តីពីការសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីរាជការលេខ០២៥ដនស/ប្រក/បុ ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេច :១-សម្រួលភារកិច្ចលោកអាង ណារឹទ្ធិ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានតែងតាំងលោកមាស ដា រ៉ា មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាប្រធានស្តីទីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្ត បន្ទាយ មានជ័យ ។
សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំ”ខ”.នៃសាលាខេត្តបន្ទាយមានជ័យមានកិច្ចប្រជុំផ្ទៃក្នុងមួយដែលដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកបែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។ក្នុងនោះ បានផ្សព្វផ្សាយលិខិតរបស់ក្រសួងដនស ដោយត្រូវសម្រួលភារកិច្ច(ឬហៅថាដក,)មន្ត្រី៨រូបនៅមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ។
មន្ត្រីទាំង៨រូប រួមមាន : ១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹងនិង៧នាក់ទៀត ជាអ្នកប្តឹងឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ លើសរុប៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )។៣-លោកឡុង វុធ អនុប្រធានមន្ទីរ (សំណង់) ៤-លោកមួង វិបុល អនុប្រធានមន្ទីរ (សុរិយោដី) ៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ (យេនឌ័រ)៦-លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ (រៀបចំដែនដី ) ៦-លោកហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល និង៧-លោកឡេង ម៉ារី.ប្រធានការិយាល័យសុរិយោដី ។
ក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យអោយទៅទទួលដឹកនាំរួមបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។
គួរបញ្ជាក់ដែរថា ពាក្យបណ្តឹងចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ បានអោយដឹងថា : មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យគោរពជូនលោកសាយ សំអាល់.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ត្បិតអី ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១-២០២៤ ) របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តន៍ការងារ ……។
តមក ក្រសួងបានបញ្ជូនក្រុមអធិការកិច្ចចុះស្រាវជ្រាវ ធ្វើរបាយការណ៍ទាក់ទិនបណ្តឹងនោះ ហើយនិតិវិធីនិងវិធីសាស្ត្រមួយគឺបានឈានដល់សម្រេចដកទាំងអ្នកដែលត្រូវគេប្តឹងនិងក៏ដកទាំងអ្នកប្តឹង(មួយចំនួន) ឯរឿងខុសត្រូវ ទុកមួយឡែក ។
ចន្លោះពីនោះមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យបានស្ថិតក្នុងសភាពអង្គភាពអត់ក្បាល ។
ដំណើរការរដ្ឋបាល ចរន្តការងារនៅដំណើរការមមាញឹក ប៉ុន្តែលិខិតស្នាមឬឯកសារបទដ្ឋានបច្ចេកទេសទាំងឡាយ ពិសេសគឺប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់ដី) លិខិតអនុញ្ញាតសាងសង់ ការទូទាត់ ចំណូល ចំណាយ…ការចាត់វិធានការចាំបាច់មួយចំនួនត្រូវកកស្ទះ ។ ដ្បិតអី មន្ត្រីផ្សេង រាប់ទាំងអភិបាលរងខេត្តដែលទៅដឹកនាំការងាររួមនៅមន្ទីរ មិនមានសិទ្ធិចុះហត្ថលេខាលើប្លង់ដីលិខិតអនុញ្ញាតឬបិទការសាងសង់និងជំនាញផ្សេងទៀតឡើយ ។
ហេតុនេះក្រសួងដនសបានតែងតាំងប្រធានមន្ទីរស្តីទីនេះ ដើម្បីសម្រួលចរន្តការងារបច្ចេកទេសដូចខាងលើ ។
រីឯមន្ត្រីក្នុង ក្រៅខេត្ត រាជធានីនិងនៅក្រសួង មិនតិចទេដែលចង់បានតំណែងដែលទំនេរមួយរយ:នៅមន្ទីរនេះ ហើយខ្លះក៏បានរត់ការ ទាក់ទងរកច្រក រកខ្សែទុយោផងដែរ ៕