សេដ្ឋកិច្ច

ឆ្នាំ២០២៤ នឹងមានព្រឹត្តិការណ៍ធំៗច្រើនលើវិស័យទេសចរណ៍

ដោយៈសិរីមតី
សៀមរាប៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ នឹងមានព្រឹត្តិការណ៍ធំៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងនោះក៏នឹងមានព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិ។ ប៉ុន្តែឯកឧត្តមមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ថាព្រឹត្តិការណ៍ទាំងនោះមានអ្វីខ្លះ។តែទោះយ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនោះនឹងចាប់ផ្ដើមពីខែមេសា ខាងមុខនេះតទៅ។


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍របស់កម្ពុជានៅឆ្នាំ២០២៤នេះ រួមមានទេសចរណ៍ចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើន ហើយចេញដើរកម្សាន្តច្រើនជាងគេនៅលើពិភពលោក។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖
១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍,២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”,៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន,៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន,៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប,៦. ការលើកទឹកចិត្តផ្នែកពន្ធដារ,៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍,និងទី៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប ៕