សេដ្ឋកិច្ច

ការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយសម្រេចបាន៩០ភាគរយហើយ

កែប÷ សំណង់កំពង់ផែទេសចរណ៍លើកោះទន្សាយខេត្តកែបដែលគ្រោងចំណាយថវិកាប្រហែល១លាន៦សែនដុល្លារក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីបានលេចចេញជារូបរាងប្រមាណ៩០ភាគរយហើយ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នលើកោះទន្សាយដែលមានចម្ងាយប្រហែក៤គីឡូម៉ែត្រដីគោក។

ប្រាប់ឲ្យដឹងក្នុងដំណើរចុះពិនិត្យនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា ដំណើរការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយកំពុងប្រព្រឹត្តទៅតាមផែនការ និងពេលវេលាដែលបានកំណត់។ គិតមកដល់ពេលនេះ លទ្ធផលសាងសង់សម្រាប់គម្រោងទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ជាប្រវត្ថិសាស្រ្តនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប ពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ តែម្តង។ សមិទ្ធផលថ្មីលើដែនដីខេត្តតូចច្រឡឹងនេះនឹងប្រែក្លាយ ខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់នាពេលខាងមុខ។ ម្យ៉ាងទៀត ការកកើតឡើងនូវកំពង់ផែលើកោះទន្សាយជាការពង្រីកសក្តានុពលសម្រាប់វិស័យសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគីជាមួយប្រទេសក្នុងតំបន់៕