ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជាមានអ្នកស្លាប់ដោយជំងឺមិនឆ្លងប្រមាណ២០០នាក់ក្នុងមួយថ្ងៃ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺមិនឆ្លងក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ ប៉ុន្តែគ្មានការភ្ញាក់ផ្អើលដូចជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងមួយថ្ងៃពី ប្រាំ ទៅប្រាំមួយ នាក់នោះទេ។


លោកស្រីប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងសាលាខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ មីនា ក្នុងការដែលលោកស្រីបានដឹកនាំគណៈប្រតិភូ នៃរដ្ឋសភាចុះមកបំពេញបេសកកម្ម សិក្សាឈ្វេងយល់អំពីវិស័យនានា លើទឹកដីខេត្តកំពង់ចាម។
លោកស្រីបានថ្លែងថា៖ បញ្ហាជំងឺមិនឆ្លងមានដូចជា ជំងឺមហារីក, ជំងឺឡើងសម្ពាតឈាមដាច់សសៃកស្លាប់, ជំងឺទឹកនាមផ្អែម ,គាំងបេះដូងជាដើម…ដែលភាគច្រើនបង្កឡើងដោយការទទួលទានស្រាប៊ៀរ គ្រឿងស្រវឹងនានា ភេជ្ជៈផ្អែម បណ្តាលឱ្យស្លាប់គ្មានការផ្សព្វផ្សាយព័ត៌មាន គ្មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ព្រោះការស្លាប់ពីជំងឺនេះកើតឡើងនៅមន្ទីរពេទ្យ និងតាមផ្ទះ។


លោកស្រីបានថ្លែងទៀតថា៖ ប៉ុន្តែការស្លាប់ដោយស្ងាត់ស្ងៀមពីជំងឺមិនឆ្លង ក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ មិនមានការចាប់អារម្មណ៍ ដូចអ្នកស្លាប់តាមដងផ្លូវក្នុងមួយថ្ងៃពី ប្រាំ ទៅ ប្រាំមួយ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។ លើសពីនេះជំងឺមិនឆ្លង គឺគ្មានអង្គការដៃគូគេជួយជាដាច់ខាត ដោយជំងឺមួយនេះបុគ្គលម្នាក់ៗ អាចការពារខ្លួនឯងបាន ហើយផ្ទុយពីជំងឺឆ្លងគេជួយលឿនណាស់ ដោយគេខ្លាចឆ្លងទៅប្រទេសដទៃទៀត។

លោកស្រីបានបន្តថា៖ ជាពិសេសជំងឺមិនឆ្លងនេះ វាធ្វើឱ្យប្រជាពលរដ្ឋយើងក្រលឿនបំផុត ដូចជាជំងឺទឹកនោមផ្អែមម្នាក់ ការព្យាបាលឈានដល់ដំណាក់កាលលាងឈាម គឺម្តងអ្នកជំងឺត្រូវចំណាយ ១០០ ដុល្លារ ចុះបើមួយសប្តាហ៍អ្នកជំងឺម្នាក់ត្រូវលាងឈាមចំនួន ពីរ ដងនោះគឺច្បាស់ជាយ៉ាប់ហើយ។ ដែលនេះជាបញ្ហារបស់ខាងសុខាភិបាល៕