ព័ត៌មានជាតិ

មេគណខេត្តបន្ទាយមានជ័យចាប់ឆ្នោតលេខរៀងគណបក្សបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤

ដោយ : បន្ទាយ

បន្ទាយមានជ័យ :គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយជ័យនៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀង គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតអសាកលជ្រើសតាំងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ ។គឺការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅម៉ោង៧ព្រឹកដល់ម៉ោង ៣រសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នៅតាមការិយាល័យបោះឆ្នោតនៅទីរួមខេត្ត ។

លោក យ៉ង់ សក្កិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា: មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតដូចខាងលើចូលរួមប្រកួតប្រជែងក្នុងខេត្តបន្ទាយមានជ័យរួមមាន :១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្យកម្លាំងជាតិ ៤-គណបក្សហ្វ៊ុនស៊ិនប៉ិច និង៥-គណបក្សខ្មែររួបរួមជាតិ។

លោក យ៉ង់ សក្កិបានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងសរុបចំនួន៥៣៣នាក់ ។ផ្អែកតាមប្រតិទិននៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និងធ្វើ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៤ ក្នុងគោលបំណង បម្រើឲ្យការប្ដឹងតវ៉ាឬប្ដឹងជំទាស់។
បន្ទាប់មក (គជប) និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះ ។

តមក ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្តបន្ទាយមានជ័យ គណមហានិកាយបាននិមន្តនិងធ្វើការចាប់លេខរៀងរបស់គណបក្សនយោបាយនីមួយៗ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :នីតិវិធីនៃការចាប់ឆ្នោតយករៀងរបស់គណបក្សនយោបាយនីមួយៗនាឱកាសនេះ ពិតជាមានភាពត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ តម្លាភាព សមធម៌ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីព្រះមេគណខេត្ត ហេីយក៏មានការសាទរពីសំណាក់អស់លោកលោកស្រី តំណាងគណបក្សចូលរួមផងដែរ ។

លោក អ៊ុ រាត្រី បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះមានអត្តន័យសំខាន់និងបង្កលក្ខណៈងាយស្រួលសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងឡាយក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអង្គបោះឆ្នោតអាចស្គាល់បាននូវគណដែលគាត់ត្រូវបោះឆ្នោតជូន ៕