ព័ត៌មានជាតិ

សិក្ខាកាមកងយោធពលខេមរភូមិន្ទចំណុះយោធភូមិភាគទី៤និងទី៥ និងកងទ័ពភូមិន្ទថៃចូលរួមវគ្គហ្វឹកហាត់ការងារជួយសង្គ្រោះគ្រោះមហន្តរាយ

ដោយ : បន្ទាយ
ឆាក់ឆឺងសៅ -ថៃ ៖ សិក្ខាកាមកងយោធពលខេមរភូមិន្ទចំណុះយោធភូមិភាគទី៤និងទី៥ ចំនួន១០រូបដឹកនាំទៅដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញចូលរួមជាមួយកងទ័ពភូមិន្ទថៃក្នុងវគ្គបណ្តុះបណ្តាលជួយសង្គ្រោះគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ខេត្តឆាក់ឆឺងសៅ ព្រះរាជាណាចក្រថៃ។

វគ្គបណ្តុះបណ្តាលនេះចាប់ពីថ្ងៃទី១០-១៥ ខែមីនា ឆ្នាំ២០២៤  ដែលថ្ងៃនេះបានបិទវគ្គដែលគោលបំណងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត
និងរួមជាមួយនឹងការរិតចំណងសម្ព័ន្ធមេត្រីភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពភូមិន្ទថៃ និងកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីតាមបន្ទាត់ព្រំដែន ។

បន្ទាប់ពីសមភាគីថៃថ្លែងពីសារសំខាន់នៃការងារអន្តរាគមន៍និងការសង្គ្រោះក្នុងគ្រោះមហន្តរាយនិងកិច្ចទំនាក់ទំនង សហប្រតិបត្តិការរួចមក ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងឲ្យដឹងដែរថា : ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៥ ឲ្យសិក្ខាកាមកម្ពុជាមកហ្វឹកហាត់បណ្តុះបណ្តាល ការងារជួយសង្គ្រោះគ្រោះមហន្តរាយនេះ គឺបានផ្តល់នូវបទពិសោធន៍ថ្មីៗ បច្ចេកទេស ស្តង់ដា និងបែបវិទ្យាសាស្រ្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស   ឲ្យបានលឿនរហ័ស ទាន់ពេលវេលា និងសុវត្ថិភាព៕