អន្តរជាតិ

យន្តហោះ Boeing ៧៣៧-៨០០បានរកឃើញថាជ្រុះបាត់បន្ទះខាងក្រៅនៅពេលចុះចត

ប្រែសម្រួល៖ស-សម្បត្តិ
មន្រ្តីអាកាសចរណ៏បានរាយការណ៏ថា កាលពីថ្ងៃសុក្រកន្លងទៅនេះយន្តហោះ Boeing ៧៣៧-៨០០ ត្រូវបានគេរកឃើញថាបានជ្រុះបាត់បន្ទះគម្របផ្នែកខាងក្រៅយន្តហោះនៅពេលមកដល់ចំណុចចុះចតនេះគឺជាបញ្ហាចុងក្រោយបង្អស់ដែលពាក់ព័ន្ធនឹងយន្តហោះរបស់ក្រុមហ៊ុន Boeing ។

យោងតាមមន្ត្រីអាកាសយានដ្ឋានផ្នែកគ្រប់គ្រងទិន្នន័យជើងហោះហើរបានឲ្យដឹងថាជើងហោះហើរ United Airlines Flight ៤៣៣ បានចាកចេញពីទីក្រុង San Francisco នៅម៉ោង ១០:២០ នាទីព្រឹក ម៉ោងនៅក្នុងស្រុក ហើយបានចុះចត នៅអាកាសយានដ្ឋាន Rogue Valley International-Medford ក្នុងរដ្ឋ Oregon ក្នុងរយ:ពេលប្រហែល ៧០ នាទីក្រោយមក។

នាយកអាកាសយានដ្ឋាន លោកស្រី Amber Judd បានប្រាប់សារព័ទ៌មាន The Post ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលយន្តហោះបានមកដល់ច្រកទ្វារចុះចតផ្នែកមួយនៃបន្ទះខាងក្រៅរបស់យន្តហោះនេះត្រូវបានគេរកឃើញថាបានជ្រុះបាត់យន្តហោះត្រូវបានផ្អាកប្រតិបត្តិការមួយរយ:នៅអាកាសយានដ្ឋាន នៅក្នុងពេលដែលកំពុងត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពនៅលើផ្លូវរត់នៃច្រកទ្វារចុះចត ។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន United Airlines បានឲ្យដឹងថាបន្ទាប់ពីមានការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពឃើញថាមិនមានសញ្ញាណាមួយេពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងនោះទេ ហើយប្រព័ន្ធប្រកាសអាសន្នរបស់យន្តហោះក៏មិនមានផ្តល់ជាសញ្ញាប្រកាសអាសន្ននៅក្នុងអំឡុងពេលហោះហើរដែលមានអ្នកដំណើរ ១៣៩ នាក់ និងសមាជិកនាវិក ៦ នោះផងដែរ។
អ្នកស្រីបាននិយាយថា៖ “នៅពេលយន្តហោះបានមកដល់អាកាសយានដ្ឋាននេះគេមិនឃើញមានបន្ទះគម្របផ្នែកខាងក្រៅនោះទេតែយន្តហោះអាចប្រតិបត្តិការបន្តនៅក្រោយពេលចុះចតបានប៉ុន្មាននាទីក្រោយមក។

ក្រុមហ៊ុន United Airlines បាននិយាយថា ខ្លួនគ្រោងនឹង “ពិនិត្យឲ្យបានហ្មត់ចត់” លើយន្តហោះនេះដែលមានអាយុដល់ទៅ ២៥ ឆ្នាំហើយដែលតម្រូវឲ្យមានការជួសជុលឡើងវិញទាំងអស់នៅមុនពេលដាក់ឲ្យបម្រើសេវាកម្មឡើងវិញ”។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានអះអាងថា “យើងនឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុចុងក្រោយនេះដើម្បីស្វែងរកបញ្ហាឲ្យកាន់តែច្បាស់លើចំណុចខ្វះខាតដែលបានកើតឡើង” ។
អ្នកនាំពាក្យបាននិយាយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធក៏នឹងធ្វើស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ។

ក្រុមហ៊ុន Boeing បដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសារព័ត៌មាន ប៉ុស្តិ៍សុំសេចក្តីបំភ្លឺ។
ឧប្បត្តិហេតុនេះគឺជាលើកទីប្រាំពីរហើយដែលពាក់ព័ន្ធទៅនឹងយន្តហោះ Boeing នៅក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ។

ឧបទ្ទវហេតុទាំងនោះវាបានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងដូចជា៖ កាលពីយប់ថ្ងៃពុធ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានអន្តរជាតិ Los Angeles ជុំវិញ “បញ្ហាមេកានិច”។

កាលពីថ្ងៃចន្ទ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលធ្វើដំណើរពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានបង្ខំឲ្យវិលមកវិញដោយសារធ្លាយប្រេងនៅលើអាកាស។ យន្តហោះ Boeing 777-300 ដែលដឹកអ្នកដំណើរ ១៦៧ នាក់ និងសមាជិកនាវិក ១៦ នាក់បានចុះចតដោយសុវត្ថិភាព។

នៅប៉ុន្មានម៉ោងមុននេះ យន្តហោះ Boeing 787 Dreamliner ដែលកំពុងធ្វើដំណើរពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Auckland ប្រទេសនូវែលសេឡង់ បានជួបបញ្ហាបច្ចេកទេស ដែលបណ្តាលឲ្យអ្នកដំណើរចំនួន ៥០នាក់រងរបួស។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីទីក្រុង San Francisco ទៅកាន់ប្រទេសជប៉ុន បានបង្វែរទៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles កាលពីថ្ងៃទី ៧ ខែមីនា បន្ទាប់ពីកង់យន្តហោះ Boeing 777-20 បានជ្រុះបាត់បន្ទាប់ពីហោះចេញដំណើរបង្កឲ្យមានការខូចខាតរថយន្តនៅក្នុងចំណតអាកាសយានដ្ឋាន។

ក្រុមហ៊ុន Boeing បានប្រាប់និយោជិតរបស់ខ្លួននៅក្នុងអនុស្សរណៈកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនកំពុងអនុវត្តការត្រួតពិនិត្យគុណភាពឧបករណ៍យន្តហោះ Boeingចំនួន ៧៣៧ គ្រឿងដើម្បីកាត់បន្ថយបញ្ហា ដែលបានកើតឡើងកន្លងមក៕