អន្តរជាតិ

ប៉ូលិសបំបែកសំណុំរឿងឈានទៅចាប់ខ្លួនមនុស្ស២នាក់រឹបអូសគ្រឿងញៀន៣៨ផោនតម្លៃ១,១លានដុល្លារនៅក្នុងផ្ទះដ៏ប្រណីតមួយនៅញូវយ៉ក

ប្រែសម្រួល៖ស-សម្បត្តិ
នៅក្នុងការបង្រ្កាបការជួញដូរគ្រឿងញៀនប្រភេទកូកាអ៊ីន និងមេតំហ្វេតាមីននៅក្នុងសប្តាហ៍នេះភ្នាក់ងារប៉ូលិសមកពីញូវយ៉កនិង អាជ្ញាធរបង្រ្កាបគ្រឿងញៀន (DEA) បានរឹមអូសគ្រឿញៀន ៣៨ ផោនមានតម្លៃជាង ១.១ លានដុល្លារពីពួកក្រុមចែកចាយនៅក្នុងផ្ទះល្វែងដ៏ប្រណិតមួយកន្លែងក្នុងទីក្រុង Hell’s Kitchen រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ១២ ខែមីនា ប៉ូលិសបានចាប់ខ្លួនជនល្មើសឈ្មោះ Jovanny Salas អាយុ ២៩ ឆ្នាំ និង Sergio Peralta អាយុ ៣៤ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ជួញដូរនិងចែកចាយសារធាតុញៀនកូកាអ៊ីន និងមេតំហ្វេតាមីនដែលជាបទល្មើសឧក្រិដ្ឋកម្រិតទីមួយ ទីពីរ និងទីបី។

យោងតាមឯកសារបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនល្មើសទាំងពីរនាក់នេះទំនងជាជនចំណាកស្រុកមកពីប្រទេសម៉ិកស៊ិក។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដោយភ្នាក់ងារចម្រុះផ្នែកបង្រ្កាបការជួញដូរនិងចែកចាយគ្រឿងញៀននៅក្នុងក្រុមហ៊ុន Big Apple ដែលរួមមានភ្នាក់ងារប៉ូលិសរដ្ឋញូវយ៉ក និងអាជ្ញាធរបង្រ្កាបគ្រឿងញៀន (DEA) និង ការិយាល័យរដ្ឋអាជ្ញាប្រឆាំងគ្រឿងញៀន។

ក្រុមតាមដាននិងស៊ើបអង្កេតចម្រុះបានធ្វើការរុករកនិងឆែកឆេរផ្ទះលេខ 550 W. 54th Street នៃអគារដ៏ប្រណិតមួយកន្លែងដែលត្រូវបានគេរកឃើញថាជាកន្លែងរក្សាទុកនិងចែកចាយគ្រឿងញៀន។ អគារ អាផាតមិនដ៏ប្រណិតមានតម្លៃចាប់ពី ៨,១៥០ ដុល្លារសម្រាប់បន្ទប់ប្រភេទស្ទូឌីយោមួយនិង តម្លៃចាប់ពី ៣,៨៤៥ដុល្លារសម្រាប់លំនៅឋានដែលមានបន្ទប់គេងពីរ និងបន្ទប់ទឹកពីរ នេះបើយោងតាម StreetEasy ។

សមត្ថកិច្ចបានប្រទះឃើញ Salas ចេញពីផ្ទះនៅម៉ោងប្រហែល ៥ និង ៤៧ នាទីល្ងាច ថ្ងៃអង្គារ។ ជនល្មើសបានគេចខ្លួនឡើងតាមជណ្តើរយន្តទៅកន្លែងទទួលភ្ញៀវជាកន្លែងដែលគាត់ត្រូវបានប៉ូលិសចាប់ខ្លួន។
ភ្នាក់ងារប៉ូលិសបានឲ្យដឹងថានៅក្នុងពេលដែលពួកគេតាមរកគាត់ អាជ្ញាធរបានរកឃើញកាបូបលុយរបស់ Peralta និងសោសម្រាប់បើកទ្វារចេញទៅផ្ទះល្វែងមួយផ្សេងទៀតលេខ 27F ។

នៅម៉ោង ៥:៥៥នាទី ល្ងាចថ្ងៃអង្គារក្រុមការងារចម្រុះបានអនុវត្តនីតិវិធីបង្រ្កាបគ្រឿងញៀនរបស់រដ្ឋញូវយ៉ក (NYDETF) ដោយបានចូលទៅឆែកឆេរតាមដីកាបង្គាប់របស់តុលាការនៅក្នុងផ្ទះល្វែងដើម្បីស្វែងរកថ្នាំញៀននិងចាប់ខ្លួនជនល្មើសឈ្មោះ Peralta ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនប្រហែល ៣៨ ផោន ដែលក្នុងនោះមានសារធាតុញៀនប្រកបដោយសក្ដានុពលប្រភេទកូកាអ៊ីនជាង ៨ ផោនលាក់ទុកនៅក្នុងវ៉ាលីសមួយនៅក្នុងទូខាងក្នុងបន្ទប់ដេក។
អាជ្ញាធរបានរកឃើញកាបូបស្ពាយមួយដែលមានលុយចំនួន ២៧.៨៨០ ដុល្លារអាមេរិក។

អាជ្ញាធរក៏បានដកហូតលិខិតឆ្លងដែនម៉ិកស៊ិកពីជនល្មើស Peralta និងប័ណ្ណទិដ្ឋាការ/ប័ណ្ណឆ្លងដែនអាមេរិកដែលផុតកំណត់ និងប័ណ្ណចុះឈ្មោះបោះឆ្នោតម៉ិកស៊ិករបស់ Salas ប័ណ្ណបើកបរ Colorado និងលិខិតឆ្លងដែនអាមេរិកផងដែរ។
លោក Edward A. Caban នាយស្នងការប៉ូលិសរដ្ឋញូវយ៉ក (NYPD) បានថ្លែងថា “ការបង្រ្កាបបទល្មើសគ្រឿងញៀននេះបានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់អង្គភាពប៉ូលិសញូវយ៉ក (NYPD) និងអាជ្ញាធរបង្រ្កាបគ្រឿងញៀន (DEA) រួមទាំងដៃគូសហការក្នុងការអនុវត្តច្បាប់របស់យើងទាំងអស់ បានបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុតឈានទៅដល់ការចាប់ខ្លួននិងចោទប្រកាន់ជនល្មើសទាំងពីរនាក់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់នៅទីក្រុង Hell’s Kitchen នៃរដ្ឋ NY” ។

ជនល្មើស Peralta និង Salas ត្រូវបានតុលាការព្រហ្មទណ្ឌ Manhattan បញ្ជាឲ្យបញ្ជូនខ្លួនពីមន្ទីរឃុំឃាំងរបស់ប៉ូលិសទៅកាន់មន្ទីឃាំងនៅកោះ Rikers កាលពីយប់ថ្ងៃពុធដើម្បិរង់ចាំការកាត់ទោសនិងបញ្ជាឲ្យបង់ប្រាក់ធានាខ្លួនចំនួនចាប់ពី ៧៥,០០០ ដុល្លារដល់ ១០០,០០០ ដុល្លារក្នុងម្នាក់ៗ។

ជនល្មើសនឹងត្រូវបញ្ជូនខ្លួនទៅតុលាការដើម្បីបើកសវនាការកាត់ទោសនៅថ្ងៃទី ១៨ ខែមីនាខាងមុខ។ តែគេនៅមិនទាន់ដឹងច្បាស់ថាតើជនល្មើស Peralta និង Salas មានមេធាវីសម្រាប់ការពារក្តីឬមួយយ៉ាងណានោះនៅឡើយទេ៕