អន្តរជាតិ

កូនស្រីលោក គីមនិងក្លាយជាបេក្ខភាពបម្រុងសម្រាប់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង

ប្រែសម្រួល៖ស-សម្បត្តិ

កាលពីថ្ងៃសៅរ៍ ទី ១៦ មីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅកូនស្រីជំទង់របស់មេដឹកនាំ គីម ជុងអ៊ុន ថាជា “ជាកំពូលមនុស្សពូកែដឹកនាំ” ដោយបានសារទរដល់នាងក្នុងនាមជាអ្នកស្នងតំណែងដ៏មានសក្តានុពលសម្រាប់ឋាន:មេដឹកនាំកំពូលរបស់ប្រទេស។

របាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េជាភាសាអង់គ្លេស និងភាសាកូរ៉េស្តីពីដំណើរទស្សនកិច្ចរបស់ Kim និងកូនស្រីរបស់គាត់ទៅកាន់កសិដ្ឋានផ្ទះកញ្ចក់ដែលត្រូវបានធ្វើបដិសណ្ឋារកិច្ចផ្តល់ជាកិត្តិយសដល់ឪពុកនិងកូនស្រីនៅក្នុងទម្រង់រួមគ្នាតែមួយដែលជាសក្ខីកម្មបង្ហាញឲ្យឃើញថាបដិសណ្ឋារកិច្ចនេះត្រូវបានធ្វើឡើងចំពោះពួកគេទាំងពីរព្រមគ្នាតែម្តង។

នៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសដែលមានរូបភាពអ្នកទាំងពីរបានសរសេរថាកូនស្រីជំទង់របស់លោក គីម ជុងអ៊ុន “”ជាកំពូលមនុស្សពូកែដឹកនាំ”។ភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងបានសិន្និដ្ឋានថានេះគឺជាលើកទីមួយហើយដែលកូនស្រីរបស់លោក គីម នាង Ju Ae មានមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង។

ប្រធាន​សាកលវិទ្យាល័យ​សិក្សា​កូរ៉េ​ខាង​ជើង​ក្នុង​ទីក្រុង​សេអ៊ូលលោក Yang Moo-jin ​បាន​ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា​៖ “ការ​បង្ហាញមុខនាង Ju Ae ជា​លើក​ដំបូងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង​នេះគឺ​ក្នុងគោលបំណងលើកនាង Kim Ju Ae ឲ្យ​ឡើង​ឋានៈ​ជា​មេដឹកនាំកំពូលរបស់ប្រទេស”។

នាយកមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រឧបទ្វីបកូរ៉េនៅវិទ្យាស្ថាន Sejong លោក Cheong Seong-chang បានវិភាគថា ក្នុងភាសារកូរ៉េខាងជើងហៅថា “hyangdo” មានន័យថាមេដឹកនាំដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ឋានះជា “មេដឹកនាំកំពូល ឬអ្នកស្នងតំណែងបន្តពីមេដឹកនាំកំពូល” របស់របបឯកោមួយនេះតែប៉ុណ្ណោះ។ លោក Cheong បានបន្ថែមថា ” Kim Ju Ae ត្រូវបានបង្ហាញយ៉ាងច្បាស់ថានាងនឹងត្រូវស្នងតំណែងបន្តពីលោក Kim Jong Un ជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងជើង” ។

  • ផ្នែកលោកគីម

យោងតាមទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថាលោកគីម ជុងអ៊ុន ដែលជាចៅប្រុសរបស់មេដឹកនាំស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង និងជាមេដឹកនាំជំនាន់ទី៣ នៃគ្រួសារគីម ដែលជាមេដឹកនាំប្រទេស បានរៀបការជាមួយភរិយារបស់គាត់ រី សូលជូ ក្នុងឆ្នាំ ២០០៩ ។

នាង Ju Ae ត្រូវបានបង្ហាញមុខទៅកាន់ពិភពលោកជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំ ២០២២ នៅពេលដែលនាងអមដំណើរឪពុករបស់នាងក្នុងពិធីបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប។

ចាប់តាំងពីពេលនោះមក នាងត្រូវបានគេឃើញនៅឯពិធីផ្លូវការជាច្រើនរបស់ឪពុកនាង រួមទាំងការធ្វើសមយុទ្ធយោធា ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ ការឈប់នៅកសិដ្ឋានចិញ្ចឹមមាន់ថ្មី និងក្បួនដង្ហែយោធាជាដើម។

នៅក្នុងរូបភាពដែលចេញផ្សាយដោយទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍គេឃើញ នាង Ju Ae  បានប្រើកែវយឹតសង្កេតមើលសមយុទ្ធទ័ពឆត្រយោងនាពេលថ្មីៗនេះ ដោយឈរក្បែរឪពុករបស់នាង និងមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត។

អតីតតារាបាល់បោះជនជាតិអាមេរិក (NBA) លោក Dennis Rodmanបានទៅលេងកូរ៉ខាងជើងនៅក្នុងឆ្នាំ ២០១៣ ហើយបានអះអាងថាគាត់បានជួបកូនស្រី Kim ដែលមានឈ្មោះថា Ju Ae។ នៅមុនឆ្នាំ ២០២២ លោក Dennis Rodmanបានធ្វើការបញ្ជាក់អំពីអត្ថិភាពរបស់នាង Ju Ae ថានឹងក្លាយជាអ្នកបន្តវេណ។

ក្រុង​សេអ៊ូល​បាន​ដឹងតាំង​ពី​ដំបូង​ថាលោក Kim និង​ភរិយា Ri មាន​កូន​ដំបូង​ប្រុស​ម្នាក់នៅ​ក្នុង​ឆ្នាំ ២០១០ ហើយនាង Ju Ae គឺជា​កូន​ទីពីរ​។

ប៉ុន្តែកាលពីឆ្នាំមុន លោករដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលបានថ្លែងថា រដ្ឋាភិបាល “មិនអាចធ្វើការបញ្ជាក់ឲ្យបានច្បាស់ទេ” អំពីអត្ថិភាពបន្តវេណរបស់កូនប្រុសលោក គីមនោះ៕

ប្រភព៖ AFP/rc