សន្ដិសុខសង្គម

ស្រវឹងជោកជាំបើករថយន្តបុកម៉ូតូលើស្ពានពេញទំហឹងប៉ើងស្លាប់ស្ត្រីម្នាក់ធ្លាក់ចុះក្រោមស្ពាន

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើកបររថយន្តបុកម៉ូតូពេញទំហឹងនៅលើស្ពានប៉ើង ៥០ម៉ែត្រស្លាប់ស្ត្រីម្នាក់ធ្លាក់ចុះក្រោមស្ពានស្ទឹងសង្កែ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៨យប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅលើកំណាត់ស្ពានវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា៖ នារីជនរងគ្រោះឈ្មោះ ប៊ន ច័ន្ទផាសា អាយុ ១៨ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ។មុនពេលកើតហេតុ នាងជាជនរងគ្រោះបានធ្វើដំណើរឆ្លងស្ពានដោយម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខ ១AR-៨០៨៩ ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចគ្រោះថ្នាក់ស្រាប់តែរថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ ២AL-១៦៤៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះឋិតក្នុងសភាពស្រវឹងជោកជាំបានបុករះបង្កាន់ដៃស្ពានបាក់ចំនួនពីរប្រឡោះរួចបន្តល្បឿនទៅបុកស្ត្រីក្រមុំជនរងគ្រោះពេញទំហឹងទៀតបណ្តាលឲ្យប៉ើងប្រមាណ ៥០ម៉ែត្រធ្លាក់ចុះក្រោមច្រាំងស្ទឹងស្លាប់នៅនឹងកន្លែងតែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងគ្រោះថ្នាក់ ហើយបាននាំខ្លួនជនបង្កមកកាន់ការិយាល័យចរាចរណ៍ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕