ដោយ៖សុខុម
ក្រចេះ៖នគរបាលខេត្តក្រចេះនៅព្រឹកថ្ងៃទី១៤មីនា២០២៤នេះ បានឃាត់ខ្លួនបុរសជនជាតិព្នងម្នាក់ដែលបានយកសាំងស្រោចលើប្រពន្ធរួចដុតទាំងរស់។
ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣មីនា ស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ក្នុងតំបន់ដាច់ស្រយាលមួយពីទីរួមខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា នៅយប់ថ្ងៃទី១២មីនា ២០២៤ ប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថាខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជំងឺដូចសព្វថ្ងៃនេះ។ ភ្លាមនោះឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅណាឡើយ ហើយនិយាយថាអញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាមួយប្រាវរួចមកអ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ ។លុះដល់វេលារំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៣ មីនា នៅពេលប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតបណ្ដាលឲ្យឆេះរលាកពេញខ្លួន។ភ្លាមនោះសាច់ញាតិបញ្ជូនស្រ្តីរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ រីឯប្តី ក្រោយដុតប្រពន្ធរួចក៏បានរត់គេចខ្លួន។
ក៏ប៉ុន្តែក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា២០២៤។
ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែនដោយសារខឹងនាំទៅរកគ្រូខ្មែរស្រោចទឹក ។
នៅថ្ងៃទី១៤មីនា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ពេលនេះ មន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីទៅតុលាការ៕