ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពតក្រើនរម្លឹកដល់គ្រប់ផ្នែកពាក់ព័ន្ធរក្សាកិត្តិយសទីក្រុងស្អាតអាស៊ាន

ដោយ៖កំចាយ

កំពត÷ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំខេត្តកំពតបានក្រើនរម្លឹកដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យបង្កើនការយកចិត្តទុកដាក់ដើម្បីរក្សាកិត្តិយសក្នុងនាមជាម្ចាស់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានធ្វើពិធីផ្សព្វផ្សាយចលនាទីក្រុងស្អាតនៅបរិវេណសួនច្បាររូបសំណាកព្រះបាទអង្គដួងឆ្នេរព្រែកកំពង់ បំណងឈានទៅទទួលពានរង្វាន់ថ្នាក់ជាតិ និងកម្រិតតំបន់បន្តទៀត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយនាព្រឹកនេះមានគោលបំណងបញ្ជ្រាបចំណេះដឹងស្តីពីការសម្អាតទីក្រុង  ក្រោមពាក្យស្លោក “ពលរដ្ឋគំរូចូលរួមគិតគូរពីបរិស្ថាន និងសោភ័ណភាពក្រុង។ ពលរដ្ឋគំរូចូលរួមគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាត។ ការសម្អាតទីក្រុងជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ទីក្រុងស្អាត ជាផលិតផលទេសចរណ៍បៃតង។ ទីក្រុងស្អាតជាទីក្រុងប្រកបដោយភាពវៃឆ្លាត។ ទីក្រុងស្អាតនាំមកនូវកំណើនទេសចរស្របទៅនឹងប្រធានបទទីក្រុងស្អាតដើម្បីទេសចរណ៍” ។ លោកប្រធានមន្ទីរបានបន្តថា ក្នុងនាមមន្ទីរ លោកអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសូមចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះឱ្យស័ក្តិសមជាម្ចាស់ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ស្រដៀងគ្នានេះដែរ លោក នៃ គង់ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា គ្រប់ផ្នែកពាក់ព័ន្ធត្រូវចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន ពិសេសត្រូវទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ។ ចំពោះអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ត្រូវរក្សាភាពថ្លៃថ្នូរតាមរយ:ការផ្តល់ជូនភ្ញៀវនូវសេវាកម្មល្អ តម្លៃសមរម្យដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ហើយពោរពេញដោយក្តីរីករាយ។

សូមបញ្ជាក់ថា ក្រៅពីទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងឆ្នាំ២០២៣ សហគមន៍ទេសចរណ៍ត្រពាំងសង្កែខេត្តកំពតក៏ទទួលបានជ័យលាភី និងពានរង្វាន់ចំនួន២លើការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានទៀតផង។ ក្នុងនោះ រួមមាន ១. ស្ដង់ដារសហគមន៍ទេសចរណ៍អាស៊ាន និង២. ស្ដង់ដារផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន៕