ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តបានសូមសំណូមពរទៅកាន់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងកំពង់ចាម មេត្តាស៊ូទ្រាំ ១២ ខែទៀត លើបញ្ហាស្ថាបនាប្រព័ន្ធលូទឹកកខ្វក់ ទឹកស្អាត និងទីលានទុកសំរាម ពោលគឺដើម្បីទទួលបានសមិទ្ធផលដែលមានគុណភាពធានារយៈពេល ១០ ឆ្នាំទៅមុខក្នុងការប្រើប្រាស់។
នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី ៥៨ អាណត្តិទី៣ ដែលមានលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំនៅសាលាខេត្តនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឆ្លើយតបថា៖ លោកបានទទួលព័ត៌មានហើយពីបញ្ហាត្អូញត្អែរ របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាកាយផ្លូវខាងមុខផ្ទះ បង្កការរំខានដល់ការធ្វើដំណើរចេញចូល ខាងមុខផ្ទះ,ដីហុយ និងក្រហេងក្រហូង ពិបាលធ្វើដំណើរ ដោយសារតែការសាងសង់ប្រព័ន្ធលូក្រោមដីនោះ។
លោកបានបន្ថែមថា៖ ប៉ុន្តែលោកសូមសំណូមពរដល់ប្រជាពលរដ្ឋក្រុងកំពង់ចាម មេត្តាទ្រាំរយៈមួយឆ្នាំពីបញ្ហាប៉ះពាល់បរិស្ថាន (ដីហុយ និងពិបាកធ្វើដំណើរ ) ពីការអភិវឌ្ឍការសាងសង់នៅក្នុងកំពង់ចាមនេះ គឺដើម្បីទទួលបានសមិទ្ធផលជាប្រព័ន្ធលូក្រោមដី ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គិសនី ប្រកបដោយគុណភាពធានារយៈពេល ១០ ឆ្នាំទៅមុខ។
លោកបានមានប្រសាសន៍ទៀតថា៖ ទោះជាយ៉ាងណាបញ្ហាប្រឈមចំពោះមុខនេះ ចាំបាច់យើងត្រូវតែទទួលខុសត្រូវ ដោយឱ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដោះស្រាយករណីប្រឈមនេះ ដោយធ្វើការបាញ់ទឹកមួយថ្ងៃចំនួន ពីរដងនៅលើដងផ្លូវ ជាពិសេសតំបន់ជាទីប្រជុំជន ដើម្បីកាត់បន្ថយការហុយដី និងចាក់លុបស្នាមក្រហេងក្រហូង ម្យ៉ាងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងក៏ជិតមកដល់ដែរ ត្រូវរៀបចំពិធីទទួលទេវតាឆ្នាំថ្មី។
លោកបានបន្តថា៖ មួយវិញទៀតលោកបានធ្វើសំណើទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចហើយ ដើម្បីឱ្យក្រសួងនេះចាត់តាំងមន្រ្តីជំនាញលើកជាម៉ាស់ស្ទ័រផេ្លន អនុវត្តក្រុងកំពង់ចាម ទៅតាមផែនការឆ្នាំនីមួយៗ ដែលនឹងអនុវត្តយ៉ាងត្រឹមត្រូវ គឺមិនដូចសព្វថ្ងៃធ្វើការអភិវឌ្ឍក្រុងកំពង់ចាមអត់មានផែនការអ៊ីចឹងទេ។
ករណីដំណើរការស្ថាបនាប្រព័ន្ធលូក្រោមដីក្នុងក្រុងកំពង់ចាមនេះលោក និល ប៊ុនលី មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលទទួលបន្ទុកលើគម្រោងលើការសាងសង់ប្រព័ន្ធលូនេះបានប្រាប់ Cambodia Flash News (CFN ) នៅថ្ងៃទី ១៣ មីនានេះថា៖ ខាងមន្ទីរបានកោះប្រជុំខាងក្រុមហ៊ុនសាងសង់ ដើម្បីពិភាក្សាគ្នាពីអ្វីដែលលោកអភិបាលខេត្តកំពង់ចាម បានណែនាំនោះហើយ។ នៅមុនបុណ្យចូលឆ្នាំថ្មីខាងមុខនេះ យើងត្រូវសម្រួលចរាចរឱ្យរួចរាល់បានស្អាត ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដោយចាក់ថ្មបំពេញជង្ហុក ដែលបានបាក់ស្រុត កន្លងមក។
មន្រ្តីរូបនេះបានបន្តថា៖ ចំណែកលទ្ធផលស្ថាបនាប្រព័ន្ធលូទឹកកខ្វក់ បច្ចុប្បន្នសម្រេចបានៈ១/ បណ្តាញលូ ទឹកភ្លៀងសរុប ៤.២០០ ម៉ែត្រ សម្រេចបាន ៣៨,១៣ ភាគរយ ,២/ប្រព័ន្ធលូទឹកកខ្វក់ប្រវែងសរុប ៨៨ គីឡូម៉ែត្រ សម្រេចបាន ១០,២៣ ភាគរយ,៣/ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ មួយកន្លែង សម្រេចបាន ១៥,៦០ ភាគរយ និង៤/ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ នៅមិនទាន់មានសកម្មភាពដដែល៕