សន្ដិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តនូវក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២៦នាក់

ដោយ  ៖បន្ទាយ
បន្ទាយមានជ័យ:កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤ បញ្ជូនទៅសាលាដំបូងខេត្តនូវក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន២៦នាក់។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងបន្តថា : មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។
ហេតុនេះ លោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែនចំនួន៥គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ ភេទប្រុសទាំងឣស ។

លោកបានបន្តទៀតថា : ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឺកនោម ជាលទ្ធផលបានរកឃើញថាឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ឬអាណាព្យាបាល.ធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ ។

ចំណែកក្មេងទំនើងដែលមានសារធាតិញៀន ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕