អន្តរជាតិ

ផ្ទុះធុងហ្គាសនៅក្នុងភោជនីយដ្ឋានចិនស្លាប់ម្នាក់ ,របួស២២នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃពុធ ទី១៣ មីនា អាជ្ញាធរបានឲ្យដឹងថា មានការផ្ទុះធុងហ្គាសនៅក្នុងភោជនីយ
ដ្ឋានចិនមួយកន្លែងក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ដែលបានបំប៉ើងដំបូលអគារនិងខូចខាតរថយន្ដ ហុយកម្ទេចកម្ទីខ្ចាត់ខ្ចាយនិងមានមនុស្សស្លាប់ម្នាក់ របួស ២២នាក់ជុំវិញហេតុការណ៏ដ៏រន្ធត់នេះ ។

ទូរទស្សន៍រដ្ឋ CCTV News បានរាយការណ៏បន្ទាប់ពីមានការផ្ទុះហ្គាសក្នុងភោជនីយ
ដ្ឋានចិននៅម៉ោងប្រហែល ៨ ព្រឹកនៅក្នុងស្រុក Sanhe ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង ជាកន្លែងដែលកិច្ចប្រជុំនយោបាយប្រចាំឆ្នាំសំខាន់ៗទើបតែបានបញ្ចប់ថាជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមវីដេអូដែលបង្ហោះលើវេទិកាផ្សព្វផ្សាយសង្គម Weibo បានបង្ហាញឲ្យឃើញហ្គាសផ្ទុះឡើងលើហើយជះអណ្តាតភ្លើងដ៏សន្ធោសន្ធៅលាយឡំនិងផ្សែងពណ៌ប្រផេះហុយខ្មួលខ្មាញ់បង្ហោះនៅលើគេហទំព័រ និងទិដ្ឋភាពអគារត្រូវបានបំផ្លាញ ឡានខូចខ្ទេចខ្ទីបំណែកកញ្ចក់ប៉ើងធ្លាក់លើដងផ្លូវវត្ថុមួយចំនួនក៏កំពុងបន្តឆាបឆេះ។

មន្ត្រីសង្គ្រោះបន្ទាន់របស់ទីក្រុង Yanjiao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលេចធ្លាយហ្គាសបានបង្កឲ្យកើតឧបទ្ទវហេតុនៅក្នុងភោជនីយដ្ឋានចិនមាន់បំពងក្នុងទីក្រុង Yanjiao ហើយបានជំរុញឲ្យអ្នកជួយសង្គ្រោះ អ្នកពន្លត់អគ្គិភ័យ មន្រ្តីសុខាភិបាល និងមន្ត្រីផ្សេងៗទៀតទៅកាន់ទីកន្លែងកើតហេតុ។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះថា អគ្គិភ័យត្រូវបានគ្រប់គ្រងដោយបន្ថែមថា រថយន្តចំនួន ៣៦ គ្រឿង និងមនុស្សចំនួន ១៥៤ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុអាជ្ញាធរកំពុងជួយសង្គ្រោះជនរងគ្រោះនៅក្នុងឧបទ្ទវហេតុផ្ទុះហ្គាសដ៏រន្ធត់នេះ ។

ការផ្ទុះហ្គាសដ៏រន្ធត់របស់ប្រទេសចិននៅភោជនីយដ្ឋានមួយនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីណែនាំលម្អិតកាលពីឆ្នាំមុនស្តីពីការប្រើប្រាស់ហ្គាសជាមួយនឹងចង្ក្រានសុវត្ថិភាពដើម្បីបញ្ចៀសហានិភ័យដែលបង្កឲ្យមានគ្រោះថ្នាក់។

អ្នកបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ Weibo បាននិយាយថា ការផ្ទុះហ្គាសបានកើតឡើងនៅជិតមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុង Yanjiao ។

យោងតាមតាមការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថាអាជ្ញាធរទទួលបន្ទុកគ្រោះអាសន្នរបស់ទីក្រុង Yanjiao បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់កន្លែងកើតហេតុ៕
ប្រភព៖ Agencies/fh/rj