សន្ដិសុខសង្គម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ និងក្រុមអន្តរាគមន៍ពេទ្យសត្វខេត្តនិងកបបខេត្តបង្ក្រាបផលិតផលប្រហិតចម្រុះ៧៨៣ គីឡូក្រាម

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យសហការនឹងក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកាលពីម៉ោង១បានសហការនាំនូវវត្ថុតាងផលិតផលប្រហិតចម្រុះដែលនាំចូលពីបរទេសទម្ងន់សរុប ៧៨៣គីឡូក្រាមទៅកម្ទេចចោលតាមនិតិវិធី ។

ការបំផ្លាញចោលនោះធ្វើឡើងកាលពីវេលាម៉ោង០២និង ២៥នាទីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូតិ៍១កន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ឯងរស់ អៀម ស្នងការរងស្តីទីនិងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា : ដោយមានការចង្អុលបង្ហាញនិងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, សមត្ថកិច្ច ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តនិងមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យនៃក្រសួងពាណិជ្ជកម្ម និងក្រោមកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣ គីឡូក្រាម ។
ក្នុងនោះ បើតាមអ្នកបើកបររថយន្តឈ្មោះម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រាប់ថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត) ចំនួន៦២៦គីឡូក្រាម ២-សាច់មាននិងចុងស្លាបមាន់. ចំនួន១២៨គីឡូក្រាម និង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គីឡូក្រាម ។
ផលិតផលនេះ នាំចូលដោយគ្មានលិខិតឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃក្នុងភូមិសាស្ត្រស្រុកថ្មពួក ។

គឺឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរី(Toyota Camry ) ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ផ្លាកលេខ ក្រុងប៉ៃលិន 2A-0213 ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បានកាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកលន់ ស៊ីថា អនុប្រធានសាខាកបបខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា : វត្ថុតាងល្មើសខុស ច្បាប់ ទី១-នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញកបប ក៏ដូចជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស ដូចជាគេត្រូវរក្សាវាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សាសេ ។បើខុសដូច្នេះ ផលិតផលនឹងខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សមត្ថកិច្ចបន្តថា :ហេតុនេះ សមត្ថកិច្ចត្រូវតែទប់ស្កាត់.បង្ក្រាបនិងបំផ្លាញចោលផលិតផលវត្ថុតាងល្មើស ។ រីឯមធ្យោបាយដឹកជញ្ជូននិងជនសង្ស័យជាម្ចាស់និងអ្នកបើកបររថយន្ត ត្រូវប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីពិនិត្យនិងសម្រេចតាមនិតិវិធី ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការឯកភាពពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបំផ្លាញចោលផលិតផលប្រភេទយ៉ាអួរម៉ាកDUTCHE ដែលលួចនាំចូលនាំចូល ស្តុកនិងចែកចាយរំលោភលើកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនយូអិនធីហូលលេស ដូអិលធីឌី(UNIT WHOLE SALE Co.,Ltd ) ចំនួន ១០ដុំធំស្មើនឹង៨០កេះតូច។
ទំនិញនេះត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៤ ៕