សន្ដិសុខសង្គម

ស្លាប់ ៣នាក់ក្នុងពិធីឡើងផ្ទះ សង្ស័យឆក់ខ្សែភ្លើង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ បុរសអ្នកស៊ីឈ្នួលចាក់ធុងបាស់ និងកម្មករចំនួន ៣នាក់បានស្លាប់នៅរំលងអធ្រាត្រ សង្ស័យរើសម្ភារក្រោយចប់កម្មវិធីឡើងគេហដ្ឋានថ្មីបានឆក់ខ្សែភ្លើងមេបង្គោលរបស់រដ្ឋ ( ខ្សែស្រាត )។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១២ ខែមីនានេះថា÷ ករណីឆក់ខ្សែភ្លើងស្លាប់មនុស្សរហូតដល់ ៣នាក់នេះបង្កការភ្ញាក់ផ្អើលនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅត្រង់ចំណុចក្រុមទី ២៦ ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះទាំង ៣នាក់មានឈ្មោះសត់ គឹមសឿន ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅក្រុមទី១៩ មុខរបរសុីឈ្នួលដាក់មេក្រូ, ឈ្មោះឆុង សារឿន ហៅជែម ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះបោន សំរិត ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង ៣នាក់រស់នៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងមុខរបរជាម្ចាស់ធុងបាស់ជាមួយនឹងកម្មករ។

ប្រភពពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានអះអាងថា÷ ជនរងគ្រោះក្រោយចប់កម្មវិធីឡើងផ្ទះថ្មីនៅអំឡុងម៉ោងជាង ១២:០០នាទីរំលងអធ្រាត្រថ្ងៃទី ១០ ឈានចូលថ្ងៃទី ១១ ខែមីនា ថ្មីៗនេះ ជនរងគ្រោះដែលមានសភាពស្រវឹងជោកជាំបានរៀបចំរើសម្ភារបម្រើការបំពងសំឡេងផ្សេងៗដល់ជិតរួចរាល់ គ្រានោះគាត់ក៏បានចូលសម្រាកទៅដោយមិនបានដឹងថាមានរឿងអ្វីទៀតបានកើតឡើងនោះទេ ប៉ុន្តែរហូតដល់ព្រលឹមព្រឹកឡើងអ្នកស្រុកក៏បានប្រទះឃើញសាកសពជនគ្រោះជាអ្នកដាក់ធុងបាស់បានដេកស្លាប់ក៏ភ្ញាក់ផ្អើលពេញភូមិ។

ករណីដដែលនេះក្រោយពេលដែលសមត្ថកិច្ចចុះពិនិត្យបានសន្និដ្ឋានថា÷ សាកសពជនរងគ្រោះបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីដែលមានចរន្តខ្លាំង ( ឆក់ស្លាប់ ) សង្ស័យជនរងគ្រោះបានសាដែកបំពង់ទីបចងមេក្រូមិនប្រយ័ត្នបានប៉ះទៅនឹងខ្សែភ្លើងមេរបស់រដ្ឋក៏បានឆក់ស្លាប់ទាំងអស់គ្នាភ្លាមៗតែម្តង៕