ដោយ៖កំចាយ
កំពត÷ ម៉ូតូមួយគ្រឿងធ្វើដំណើរដោយយុវជន និងនារីម្នាក់ ចៃដន្យរេចង្កូតទៅផ្នែកខាងឆ្វេងត្រូវរថយន្តមកពីមុខបុកបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា ២០២៤ នៅលើផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។
លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា កាលពីម៉ោង៤រសៀលថ្ងៃទី១០ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ រវាងម៉ូតូ និងរថយន្ដពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
មុនហេតុការណ៍កើតឡើង គេឃើញម៉ូតូមួយគ្រឿងធ្វើដំណើរដោយយុវជនម្នាក់ និងនារីម្នាក់ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូបានរេចង្កូតទៅឆ្វេងចូលខាងមុខរថយន្តកំពុងបើកមកពីត្បូងទើបបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកដំណើរទាំង២ដេកដួលលើថ្នល់ រួចរថយន្តកិនបន្ថែមពីលើតែម្តង។
លោកអធិការបានបន្តថា លុះអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញនារីជិះខាងក្រោយបាត់បង់ជីវិតភ្លាមៗ ចំណែកយុវជនជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរទើបទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ចបាននាំយកវត្ថុតាងគឺម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1GC-6404 និងរថយន្តម៉ាកហ៊្វតពណ៌លឿងទុំ ពាក់ផ្លាកលេខភ្នំពេញ2BD-6534 មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ណោះអាសន្ន។
លោក សូ ប៊ុនធឿន បានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើគឺ ១. ឈ្មោះ យេន រីណា ភេទស្រី អាយុ ១៨ឆ្នាំ ស្លាប់នៅនឹងកន្លែង, ២. ឈ្មោះ ស៊ន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រងរបួសធ្ងន់។ ទាំង២នាក់មានទីលំនៅក្នុងភូមិក្រសាំង ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ណៃ សេរីបុត្រ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជោ ឃុំកំចាយមារ ស្រុកពារាំង ខេត្តព្រៃវែង៕