ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន NETSTARS Co., Ltd. (“NETSTARS”)ដែលមានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”។
ប្រព័ន្ធ “StarPay” នេះនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យកណ្តាលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ហើយកម្មវិធី “WeChat”របស់ក្រុមហ៊ុន Tenpay Payment Technology Co. Ltd. នេះ នឹងជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈមុខងារស្កែនឃ្យូអរកូដ នៅលើម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា នៅតាមបណ្តាហាង ដែលជាដៃគូប្រើប្រាស់សេវាទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មានក្តីសោមនស្ស រីករាយបំផុត ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន NETSTARS របស់ប្រទេសជប៉ុន។ នាពេលអនាគត ធនាគារ អេស៊ីលីដា មានគម្រោងប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ឆ្លងដែន ដោយមានការគាំទ្រពីក្រុមហ៊ុន NETSTARS ដើម្បីជំរុញឱ្យប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈឃ្យូអរកូដ នៅក្រៅប្រទេស កាន់តែទូលំទូលាយបន្ថែមទៀត។”
កម្មវិធី “StarPay” របស់ក្រុមហ៊ុន NETSTARS គឺជាមធ្យោបាយសម្រាប់ផ្តល់សេវាកម្មទូទាត់ប្រាក់ តាមឃ្យូអរកូដ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលបានផ្តល់ការគាំទ្រដល់ ២៥ស្ថាប័នជាង នៅក្នុងប្រទេសជប៉ុន។ លើសពីនេះ កម្មវិធី StarPayក៏បានគាំទ្រដល់កម្មវិធីទូទាត់ប្រាក់ឆ្លងដែនផ្សេងទៀតមានដូចជា កម្មវិធី “Wechat Pay” និង “Alipay/Alipay+” ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាកម្មវិធីនានាជាច្រើនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងតំបន់ផ្សេងៗទៀត។
ធនាគារអេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដាឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៩,៦១ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,១០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,១៧លាននាក់។ ធនាគារ អេស៊ីលីដា មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលជាង ៣,៣លាននាក់ និងមានដៃគូអាជីវកម្មជាង ០,៣៣លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣។
*1 QR Code is a registered trademark of DENSO WAVE Incorporated.
NETSTARS បានបង្កើតឡើងក្នុងឆ្នាំ២០០៩ និងបានពង្រីកអាជីវកម្មនៃមធ្យោបាយទូទាត់ឱ្យកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០១៥ ជាភ្នាក់ងារដំបូងគេ ដែលណែនាំសេវាកម្មទូទាត់ឃ្យូអរកូដរបស់ប្រទេសចិន “WeChatPay” ទៅកាន់ប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក NETSTARS បានពង្រីក StarPay ដើម្បីផ្តល់ដំណោះស្រាយសម្រាប់សេវាកម្មទូទាត់ប្រាក់នៅតាមហាងទំនិញផ្សេងៗ ដោយការអនុវត្តរួមបញ្ចូលគ្នា និងការគ្រប់គ្រងការទូទាត់តាមឃ្យូអរកូដរបស់ជប៉ុន និងអន្តរជាតិផ្សេងៗ និងសេវាកម្មទូទាត់មិនមែនសាច់ប្រាក់ផ្សេងទៀត។ នាពេលបច្ចុប្បន្ន ដោយប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យារបស់ StarPay ជាមូលដ្ឋានគ្រឹះ NETSTARS កំពុងធ្វើការអភិវឌ្ឍបន្ថែមទៀតនូវសេវាកម្មរបស់ខ្លួនឱ្យកាន់តែសំបូរបែប។ គេហទំព័រផ្លូវការ: https://www.netstars.co.jp/