សន្ដិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យទម្លាយរឿង”ករណីហិង្សារវាងអ្នកសារព័ត៌មានជាមួយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានទម្លាយរឿងដោយចេញផ្សាយនូវសេចក្តីបំភ្លឺ១ ដោយបញ្ជាក់ថា៖” សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ មានអង្គភាពសារព័ត៌មាន Raksmey News ចុះផ្សាយថា អ្នកសារព័ត៌មាន​០៣នាក់ រងរបួសធ្ងន់ ដោយថៅកែទូបាញ់ត្រីដុះស្លែ ឈ្មោះ សុខ អាង និងបក្ខពួកជាច្រើននាក់បានវាយឱ្យរងរបួសធ្ងន់នៅពេលចុះយកព័ត៌មាន ស្ថិតនៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ” ។

អ្នកនាំពាក្យបានថ្លែងបន្តថា : ក្រោយពីទទួលព័ត៌មាននិងបានទទួលបណ្ដឹងរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុករណីហិង្សាតាំងពីថ្ងៃទី០២ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីយប់ និងក៏សាកសួរប្រជាពលរដ្ឋជុំវិញនោះ រួមជាមួយឈ្មោះ គ្រូច ឈឿន ភេទស្រី អាយុ៥៦ឆ្នាំ  បានព័ត៌មានថា.” ពិតជាមានករណីហិង្សាកើតឡើងរវាងអ្នកសារព័ត៌មាន០៥នាក់ ទៅ០៦នាក់ ជាមួយប្រជាពលរដ្ឋប្រហែល ៣០នាក់ “.។

អ្នកនាំពាក្យបានបើកបង្ហាញជាសាធារណ:ថា : “ករណីនេះ( បើមានការផ្សាយអ៊ីចឹងទៅហើយ សមត្ថកិច្ចសូមទម្លាយរឿងនេះតែម្តងទៅ ) គឺភាគីទាំងពីរសុទ្ធតែបានដាក់បណ្ដឹងនិងចោទប្រកាន់ទៅភាគីម្ខាងតែរៀងៗខ្លួន ហើយករណីនេះ សមត្ថកិច្ចនឹងកោះហៅភាគីទាំងពីរមកសួរនាំ សួរចម្លើយទីទៃពីគ្នា រួចរៀបអោយប្រទល់មុខគ្នា ជល់ចម្លើយគ្នា ឆ្លើយដោះស្រាយឬដោះសា។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបន្ថែមថា : ជំនាញបានកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកការពិត ភាពយុត្តិធម៌ និងចាត់ការតាមនីតិវិធីជូនភាគី។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕