ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្នុងឪកាសប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ស្ត្រីជាជនជាប់ឃុំចំនួន១០៤នាក់ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីរដ្ឋបាលខេត្ត ។
នេះបើតាមមន្ត្រីពន្ធនាគារខេត្តអោយដឹងកាលពីថ្ងៃទី០៩ខែមីនាឆ្នាំ ២០២៤ ។
កម្មវិធីនេះមានការចូលរួមពីលោកស្រីនួម សុភ័ណ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោកស្រី ម៉េងគឹម ហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ឆន ឈឺន ប្រធានពន្ធនាគារស្តីទី មន្ត្រីពន្ធនាគា១១០នាក់និងប្រធានមន្ទីរ ស្ត្រីពាក់ព័ន្ធជាច្រើននាក់ បានចុះសួរសុខទុក្ខស្ត្រីជាប់ឃុំចំនួន១០៤នាក់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ និងធ្វើការចែកអំណោយ។
ក្នុង១នាក់ទទួលបានឃីត ១កញ្ចប់ និងលុយ ៣០,០០០រៀល ចំណែកស្ត្រីដែលមានកូនជាប់តាមក្នុង១នាក់ទទួលបាន ឃីត១កញ្ចប់ លុយ ៥០.០០០រៀល ។
លោកឧត្តមអគ្គានុរក្ស ថ្នាក់ លេខ ៣ ឆន ឈឺន ប្រធានពន្ធនាគារស្តីទី បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពក្នុងពន្ធនាគារថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប១.៩៧៦នាក់ ស្រី១០៤នាក់ ជនត្រូវចោទមានចំនួន៤៣១នាក់/ ស្រី ៣០នាក់ ជនជាប់ចោទមានចំនួន ៤៣៧នាក់/ ស្រី២០នាក់ ពិរុទ្ធជនមានចំនួន ៦៧៣នាក់/ ស្រី២៦នាក់ ទណ្ឌិត មានចំនួន៤៣៥នាក់/ ស្រី២៨នាក់ ។
លោក ឆន ឈឺន បានឲ្យដឹងទៀតថា : ជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិចត្រូនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១រហូតដល់ថ្នាក់ទី៨ ។ ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ធយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើកផងដែរ ។
លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕