អន្តរជាតិ

ប៉ូលិសញូវយ៉កសហរដ្ឋអាមេរិកបាញ់.សម្លាប់បុរសម្នាក់ចាក់ប្រពន្ធក្នុងពិធីជប់លៀង

ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកជិតខាងបាននិយាយថា កាលពីថ្ងៃសុក្រប៉ូលិសនៅញូវយ៉កបានបាញ់សម្លាប់បុរសដែលបានចាក់ប្រពន្ធរបស់គាត់នៅក្នុងពិធីជប់លៀងគ្រួសារមួយរួមទាំងកូននៅក្នុងផ្ទះល្វែងរបស់ពួកគេនៅសង្កាត់ Queens ក្រុងញូវយ៉ក សហរដ្ឋាមេរិក។

អ្នកជិតខាងបាននិយាយថា នៅវេលាម៉ោងប្រហែល 6:50 ល្ងាចថ្ងៃសុក្របុរសដែលជាជនល្មើសអាយុ ៤៦ ឆ្នាំមានការជួបជុំគ្នានៅលើផ្ទះជាន់ទី ២ នៃអគារមួយនៅលើផ្លូវ 62nd ក្នុង Forest Hills បានយកកាំបិតចុងស្រួចចាក់ប្រពន្ធរបស់គាត់ចំនួនពីរដងនៅចំពោះមុខភ្ញៀវដែលមកចូលរួមពិធីជប់លៀងនេះ។ .

ប៉ូលិសបាននិយាយថា ប្តីប្រពន្ធមួយគូនេះធ្លាប់មានជម្លោះមួយចំនួនមកហើយបើទោះបីជាគេមិនសូវបានដឹងច្បាស់ថាមកពីមូលហេតុអ្វីក៏ដោយ។

លោក Jeffrey Maddrey ប្រធាននាយកដ្ឋានប៉ូលិសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃសុក្រថា ប៉ូលិសបួននាក់ រួមទាំងទាហានម្នាក់ត្រូវបានបញ្ជូនទៅកាន់អគារនោះ ហើយក៏រត់សំដៅទៅរកជនល្មើសដែលកំពុងកាន់កាំបិតប្រវែង ១២ អ៊ីញនៅក្នុងសាលធំជាន់ទីពីរ។
លោក Maddrey បានអះអាងថា ប៉ូលិសបានបញ្ជាឲ្យបុរសនោះ ទម្លាក់កាំបិតចុះ ប៉ុន្តែជនល្មើសបានបដិសេធ។

បន្ទាប់មកទាហានក៏បានដកកាំភ្លើង Taser របស់គាត់ចេញជួនពេលគ្នានោះដែរប៉ូលិសពីរនាក់ក៏បានបាញ់ទៅលើជនល្មើសចំនួនបួនគ្រាប់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកសង្រ្គោះបន្ទាន់ក៏បានជួយសង្គ្រោះជនល្មើសតាមវិធី CPR ហើយបញ្ជូនជនល្មើសតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។

អ្នកជិតខាងនិយាយថាជនល្មើសមកពីប្រទេសអ៊ូសបេគីស្ថានគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ហើយក្រោយមកត្រូវបានគេបញ្ជាក់ថាគាត់លែងដកដង្ហើមហើយ។

ប្រពន្ធរបស់គាត់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកគេរំពឹងថាគាត់នៅរស់រានមានជីវិត។

ប្តីប្រពន្ធរងកម្មនេះមានកូន ហើយលោកមេប៉ូលិស Maddrey បានបញ្ជាក់ថាមានកូនជាច្រើននាក់ដែលមានវត្តមាននៅក្នុងពិធីជប់លៀងកាលពីថ្ងៃសុក្រ។

អ្នកជិតខាងនៅក្នុងអគារតាមផ្លូវបាននិយាយថា ឧក្រិដ្ឋកម្មហិង្សាបែបនេះគឺជារឿងមិនធម្មតាទេនៅក្នុងសហគមន៏។

បុរសម្នាក់ដែលរស់នៅជាន់ជាមួយនឹងប្ដីដែលចាក់ប្រពន្ធរបស់ខ្លួនបាននិយាយថា៖ “ ខ្ញុំបានរស់នៅក្នុងអគារនេះ១០ឆ្នាំហើយ មិនធ្លាប់មានរឿងបែបនេះកើតឡើងនោះទេ”៕