សន្ដិសុខសង្គម

រថយន្តដឹកទឹកសុទ្ធបុកកិនម៉ូតូសិស្សស្រី៣នាក់ជិះឌុបគ្នាទៅរៀនស្លាប់ម្នាក់,របួសធ្ងន់២នាក់

ដោយ៖សុខុម
ភ្នំពេញ ៖ រថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿងតៃកុងបើកលឿនជ្រុលបុកម៉ូតូសិស្សស្រី៣នាក់ ជិះឌុបគ្នាទៅរៀនបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្មេងស្រីបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិកពាក់ផ្លាកលេខបន្ទាយមានជ័យ1S-0512 ឌុបគ្នាចេញពីផ្ទះបម្រុងទៅសាលារៀនក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុមានរថយន្តក្រុមហ៊ុនដឹកទឹកពិសាបរិសុទ្ធឪរ៉ាល់មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-2791 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិចហើយបានវ៉ារថយន្តមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតបុកម៉ូតូក្មេងសិស្សសាលាកំពុងដឹកគ្នាពេញទំហឹងបណ្តាលឲ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់ធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្ត ហើយត្រូវរថយន្តខាងលើកិនស្លាប់ភ្លាមៗ។ចំណែកអ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់។


ប្រភពបានឲ្យដឹងទៀតថា ពេលកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែអ្នកដំណើរឃើញហេតុការណ៍នាំគ្នាដេញស្ទាក់ចាប់បានប្រគល់់ទៅឲ្យសមត្ថកិច្ចរកខុសត្រូវ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងមានចំណាត់ការតាមនីតិវិធីច្បាប់៕