សន្ដិសុខសង្គម

សមត្ថកិច្ចនាំខ្លួនជនបរទេសម្នាក់មកអប់រំដោយសារប្រព្រឹត្តអំពើអាសនៅទីសាធារណ:

ដោយ៖កំចាយ

កំពត÷ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសជាជនបរទេសម្នាក់ រួចនាំមកអប់រំដោយសារប្រព្រឹត្តអំពើអាសនៅទីសាធារណ:។

នាយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបង្ហោះរូបថតជនបរទេស២សន្លឹក ដោយ១សន្លឹកស្ថិតក្នុងទិដ្ឋភាពបុរសនេះសម្រាតខោខ្លួនឯងបង្ហាញគូទនៅលើទឹក និង១សន្លឹកទៀតគឺជនបរទេសដដែលនោះឈរវាស់កម្ពស់ក្នុងស្នងការដ្ឋាន។ អមជាមួយរូបថតទាំងនេះ លោកឧត្តមសេនីយ៍ទោបានសរសេរមានខ្លឹមសារថា ” អ្នកមកប្រទេសខ្ញុំត្រូវគោរពប្រពៃណីខ្ញុំ មិនមែនមកធ្វើអ្វីស្រេចតែអំពើចិត្តរបស់អ្នកទេ។ នេះជាទង្វើដែលប្រជាជនក្នុងខេត្តកំពត ក៏ដូចជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមិនអាចទទួលយកបាន”។

លោកស្នងការបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបារាំងម្នាក់ រួចនាំយកមកអប់រំដើម្បីឱ្យស្គាល់អំពីវប្បធម៌របស់ម្ចាស់ប្រទេស ព្រោះតែជននេះបានប្រព្រឹត្តអំពើអាសក្នុងព្រែកកំពង់បាយ។ គ្រប់ជនបរទេសដែលចូលមកកម្សាន្តនៅកម្ពុជាមិនអាចធ្វើអ្វីស្រេចតែចិត្តក្នុងនាមជាភ្ញៀវទេសចរនោះទេ៕