ព័ត៌មានជាតិ

គណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភានិងរដ្ឋបាលខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងបូរណភាព សន្តិសុខ សេដ្ឋកិច្ចព្រំដែន

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖សន្តិសុខព្រំដែនរក្សាបាននូវបូរណភាពនិងអធិបតេយ្យភាពជាតិធ្វើឲ្យតំបន់ព្រំដែនប្រែក្លាយជាតំបន់សន្តិភាពសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍ លើកឡើងក្នុងកិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភា ជាមួយខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី ០៦ មីនា ២០២៤។

កិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន ជាមួយនឹងបណ្ដាខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តប៉ៃលិន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្វែងយល់អំពីស្ថានភាព ប្រជាជននិងជីវភាពនៅបណ្តាខេត្តជាប់ព្រំដែន និងកិច្ចសហការលើវិស័យសហប្រតិបត្តិការអន្តរជាតិ បញ្ហាឆ្លងដែន សន្តិសុខ ការពារជាតិនិងព័ត៌មានផ្សេងៗ ដែលក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកកែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ និងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា : ខេត្តបន្ទាយមានជ័យស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ក្នុងនោះមានច្រកទ្វារព្រំដែនចំនួន៤ គឺ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក។ យោងតាមលក្ខណៈភូមិសាស្ត្របែបនេះ បានបង្កលក្ខណៈអំណោយផលដល់ចំណូលសេដ្ឋកិច្ចជាតិដ៏សំខាន់ក្នុងលំដាប់ជួរមុខ និងជាច្រកអំណោយផលដ៏លំហូរចេញចូលនៃវិស័យទេសចរណ៍ដ៏សំខាន់ផងដែរ។

ជាមួយនេះដែររាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យមានការបើកច្រកតំបន់ចំនួន ៣ បន្ថែមទៀត ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ និងស្រុកស្វាយចេក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតាមស្រុក បណ្ដោយព្រំដែន ចេញចូល ដោះដូរទំនិញ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃឲ្យមានភាពស្របច្បាប់។

ករណីនេះរដ្ឋបាលខេត្ត បាននិងកំពុងធ្វើកិច្ចសហការជាមួយភាគីថៃជាបន្តបន្ទាប់ លោកអ៊ុ រាត្រី បានបន្តថា : ចាប់តាំងពីមានប្រក្រតីភាពឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានទប់ស្កាត់ដោយជោគជ័យមក បច្ចុប្បន្នសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្ត និងតាមតំបន់ព្រំដែន ជាទូទៅគឺមានលក្ខណៈល្អប្រសើរ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ និងជាប្រធានសហគណៈប្រតិភូ បានមានប្រសាសន៍ថ្លែងនូវនឹងការកោតសរសើរ ដោយស្មោះចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្នូរ លើការងារព្រំដែនទទួលបានលទ្ធផលល្អប្រសើរ ។ជាពិសេសលើការងារសន្តិសុខព្រំដែន រក្សាបាននូវបូរណៈភាព និងអធិបតេយ្យភាពជាតិ ធ្វើឲ្យតំបន់ព្រំដែនប្រែក្លាយជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ចុងក្រោយលោក សួស យ៉ារ៉ា ក៏បានធ្វើការផ្ដាំផ្ញើដល់លោក លោកជំទាវ អស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យបណ្ដាខេត្តជាប់ព្រំដែន ធ្វើឲ្យរឹងរឹត និងប្រសើរឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ទទួលបានសុខសន្តិភាព និងមានជីវភាពធូរធារផងដែរ៕