សន្ដិសុខសង្គម

សមត្ថកិច្ចប្រើរថយន្តជាច្រើនគ្រឿងដើម្បីពន្លត់អគ្គិភ័យនៅរោងចក្រខេស៊ីមេន

កំពត៖អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ខេស៊ីមេនកាលពីរំលងអធ្រាត្ររហូតឈានដល់ជិតវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយបំផ្លាញកំណាត់អុសអស់ជាង២០០ម៉ែត្រត្រីគុណ។ ទីតាំងកើតហេតុស្ថិតក្នុងភូមិគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

លោក ស្វាយ ប្រុស អធិការនគរបាលស្រុកដងទង់បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីភ្លើងឆាបឆេះកន្លែងស្តុកអុសរបស់រោងចក្រផលិតស៊ីម៉ងត៍ខេស៊ីម៉ែន។

ភ្លាមៗ លោកបានទំនាក់ទំនងសុំជំនួយពីអធិការដ្ឋានស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងដឹកនាំកម្លាំងអធិការដ្ឋានស្រុកដងទង់សហការជាមួយក្រុមហ៊ុនខេស៊ីម៉ែនដោយប្រើប្រាស់រថយន្តពន្លត់ចំនួន៧គ្រឿង។

លោកអធិការបានបន្តថា រហូតដល់វេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយបន្ទាប់ពីប្រើប្រាស់ទឹកអស់២៥០ស៊ីទែន និងគ្រឿងចក្រឈូសឆាយបំបែករំងើកភ្លើងផ្នែកខាងក្រោមគំនរធ្យូង រួចបាញ់ទឹកពន្លត់នោះ។ ទោះបីមិនមាននរណាម្នាក់គ្រោះថ្នាក់ តែកំណាត់អុសជាង២០០ម៉ែត្រត្រីគុណបានរងការខូចខាតទាំងស្រុង។

លោក ស្វាយ ប្រុស បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម មហន្តរាយនេះបណ្តាលមកពីការផ្តើមឆេះកម្ទេចសំរាមនៅក្បែរគំនរអុសដែលក្រុមហ៊ុនស្តុកទុកប្រើប្រាស់៕