អន្តរជាតិ

ចាប់ខ្លួនសិស្សទំនើង អាយុ ៨ឆ្នាំ ជាមួយនឹងកាំភ្លើងលាក់ក្នុងកាបូបស្ពាយចូលសាលារៀន

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ មីនា កន្លងមកនេះ ប៉ូលិសបានចាប់ខ្លួនក្មេងប្រុសអាយុ ៨ ឆ្នាំនៅក្រុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកជាមួយនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើមលាក់ទុកនៅក្នុងកាបូបស្ពាយទៅសាលារៀន Brooklyn ។ -ប៉ូលិសបានអះអាងថាការចាប់ខ្លួនក្មេងប្រុសម្នាក់នេះត្រូវបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីក្មេងម្នាក់នេះបានប្រើកាំភ្លើងដដែលនេះភ្ជង់គំរាមកំហែងលើសិស្សម្នាក់ទៀត នៅឯសាលារៀន Brooklyn ក្នុងទីក្រុង ញូវយ៉ក។

ប៉ូលិសបានឲ្យដឹងថាក្នុងខណ:ពេលដែលប៉ូលិសឆែកឆេរសិស្សដែលមានអត្តលេខ P.S. 158 នៅសាលា Brooklyn ក្នុងសហគមន៍ Warwick នៅ East New Yorkនៅវេលាម៉ោងប្រហែល 10:30 ព្រឹក ប៉ូលិសបានរកឃើញថាគាត់បានកាន់កាប់អាវុធម៉ាក Taurus .380 ដែលមិនមានបញ្ជូលគ្រាប់លាក់នៅក្នុងកាបូបដាក់សៀវភៅរបស់គាត់ ។

ប៉ូលិសបានគូសបញ្ជាក់ថាកាលពីថ្ងៃពុធសិស្សម្នាក់នេះបានយកកាំភ្លើងដដែលនេះមកភ្ជង់គំរាមកំហែងសិស្សម្នាក់ទៀតនៅតាមផ្លូវ Ashford ក្បែរ Belmont Avenue ។

កាលពីថ្ងៃព្រហស្បតិ៍សិស្សដែលជាជនរងគ្រោះបានប្រាប់ឪពុកម្តាយរបស់គាត់ហើយបន្ទាប់មកក៏បានរាយការណ៍អំពីហេតុការណ៏ដែលបានកើតឡើងចំពោះគាត់ដល់មន្រ្តីគ្រប់គ្រងសាលា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់មកមន្ត្រីគ្រប់គ្រងសាលានិងប៉ូលិសបានធ្វើការឆែកឆេរកាបូបស្ពាយរបស់សិស្សដែលជាជនល្មើស។

អាជ្ញានៅមិនទាន់បញ្ជាក់ឲ្យបានច្បាស់ថា តើសិស្សទំនើងដែលជាជនល្មើសរូបនេះនឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទកាន់កាប់អាវុធនិងប្រើប្រាស់អាវុធគំរាមកំហែងសិស្សដទៃនោះនៅឡើយទេ។

មន្ត្រីគ្រប់គ្រងសាលាបានឲ្យដឹងថា លិខិតជូនដំណឹងត្រូវបានផ្ញើទៅកាន់ក្រុមគ្រួសាររបស់សិស្សទំនើងដែលជាជនល្មើស ដើម្បីឲ្យបានជ្រាបអំពីឧបទ្ទវហេតុដែលបង្កឡើងសិស្សទំនើងដែលជាសមាជិកគ្រួសាររបស់ពួកគេ។

អ្នកនាំពាក្យមកពីមន្ទីរអប់រំទីក្រុង Jenna Lyle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សិស្សមិនត្រូវកាន់កាប់កាំភ្លើងនោះទេ ហើយឧបទ្ទវហេតុនេះគឺជាគំរូដ៏អាក្រក់បង្កឲ្យមានការព្រួយបារម្ភលើផលប៉ះពាល់នៃការរីករាលដាលនូវការកាន់កាប់កាំភ្លើងនៅក្នុងសង្គមរបស់យើងក៏ដូចជានៅក្នុងទីក្រុងរបស់យើងផងដែរ” ។

“វាធ្វើឲ្យមានការព្រួយបារម្ភខ្លាំងណាស់ដែលកុមារម្នាក់នេះមានអាវុធដ៏គ្រោះថ្នាក់បែបនេះ ហើយយើងសូមថ្លែងអំណរគុណសម្រាប់កិច្ចសហការក្នុងភាពជាដៃគូរបស់សាលារៀនសហគមន៍របស់យើងក្នុងការខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពជូនដល់សិស្សរបស់យើងជារៀងរាល់ថ្ងៃ។
“ទម្រង់អនុវត្តនីតិវិធីសុវត្ថិភាពជាវិធានការឆ្លើយតបទៅនឹងឧប្បត្តិហេតុមួយនេះសម្រាប់សុវត្ថិភាពរបស់សិស្ស និងបុគ្គលិកទាំងអស់។ យើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដោយរួមសហការជាមួយនឹង ភ្នាក់ងារប៉ូលិស និងអាជ្ញាធរ ACS ក្នុងការតាមដានសកម្មភាពរបស់សិស្សដើម្បីធានាថាក្មេងៗទាំងនេះទទួលបានការគាំទ្រទៅតាមតម្រូវចាំបាច់លើការរក្សាសុវត្ថិភាពជូនដល់ពួកគេជារៀងរាល់ថ្ងៃ៕