ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រុងស្រុកនឹងមានស្រ្តីជាអភិបាលរងចំនួនពីររូបក្នុងពេលឆាប់ៗនេះ

ដោយ៖ គង់ហេង
កំពង់ចាម៖ នាពេលឆាប់ៗ ខាងមុខនេះរាជរដ្ឋាភិបាល នឹងមានការតែងតាំងស្រ្តី ជាអភិបាលរងចំនួន ពីរ រូបនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុកទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្រ្តីនៅក្នុងជួររដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ មីនានេះ។


នៅក្នុងពិធីអបអរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្រសួងមហាផ្ទៃកំពុងសិក្សាជាស្រ្តីក្នុងជួររដ្ឋបាលខេត្ត ក្រុង ស្រុកនូវទូទាំងប្រទេស តាមគោលការណ៍ របស់រាជរដ្ឋាភិបាល នៃការបន្ថែមស្រ្តី គឺជាអភិបាលរងខេត្ត ក្រុង ស្រុកអាចនឹងមានចំនួន ពីរ រូប។


លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា៖ នៅពេលមានការតែងតាំងអភិបាលរងខេត្ត ក្រុង ស្រុកនេះហើយ បើសិនមានការផ្លាស់ប្តូរ ផ្ទេរ ក៏ត្រូវមានការរក្សាកូតា ជាប្រអប់ដល់ស្រ្តីជាអភិបាលរងទាំងចំនួនពីរ រូបឱ្យនៅដដែល៕