ប្រែសម្រួល៖ ស-សម្បត្តិ
រដ្ឋអាជ្ញាអេស្ប៉ាញកំពុងស្វែងរកនីតិវិធីចាប់ខ្លួនលោក Carlo Ancelotti ដែលជាគ្រូបង្វឹកបាល់ទាត់ដាក់គុករយៈពេល ៤ ឆ្នាំ ៩ ខែដោយចោទប្រកាន់ថាបានគេចពន្ធចំនួន ១ លានអឺរ៉ូ ស្មើនឹង១.១ លានដុល្លារអាមេរិកក្នុងពន្ធលើប្រាក់ចំណូលស្តីពីសិទ្ធិផ្សព្វផ្សាយរូបភាពខណៈពេលដែលគាត់នៅ Real Madrid ក្នុង ២០១៤ និង ២០១៥ ។
កាលពីថ្ងៃពុធ រដ្ឋអាជ្ញាអមតុលាការសាលាដំបូងអេស្ប៉ាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើទោះបីជាលោក Carlo Ancelotti ដែលជាគ្រូបង្វឹកបាល់ទាត់មានដើមកំណើតជាជនជាតិអ៊ីតាលីដែលបានមករស់នៅក្នុងប្រទេសអេស្បាញនិងបានដាក់លិខិតប្រកាសពន្ធរបស់គាត់នៅទីនោះក៏ដោយក៏គាត់នៅតែជាប់កាតព្វកិច្ចបង់ពន្ធក្នុងពេលនោះ គាត់បានលុបចោលប្រាក់ចំណូលដែលទទួលបានតាមរយៈការផ្តល់សិទ្ធិឲ្យផ្សព្វផ្សាយរូបភាពរបស់គាត់។
លោក Ancelotti ដែលបានត្រឡប់មកដឹកនាំ Real Madrid នៅក្នុងឆ្នាំ ២០២១វិញ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយដែលធ្វើឡើងតាមរយៈ Real Madrid នោះទេ។
រដ្ឋអាជ្ញាសាលាដំបូងអេស្ប៉ាញបានចោទប្រកាន់លោក Ancelotti ពីបទក្លែងបន្លំការផ្ទេរសិទ្ធិផ្សព្វផ្សាយរូបភាពរបស់គាត់ទៅឲ្យអង្គភាពដែលមិនមានសកម្មភាពជាក់ស្តែងនៅក្រៅប្រទេសអេស្ប៉ាញ ដើម្បីចៀសវាងការបង់ពន្ធ។
រដ្ឋអាជ្ញាអមតុលាការសាលាដំបូងអេស្ប៉ាញបានតាមស្វែងរកចាប់ខ្លួនតារាល្បីៗផ្សេងទៀតដោយជាប់សង្ស័យថាបានគេចពន្ធ រួមទាំងកីឡាករដូចជា Cristiano Ronaldo, Lionel Messi និង Diego Costa ជាដើមដើម្បីធ្វើការទូទាត់លើការផាកពិន័យ៕
ប្រភព៖ Reuters/ec