ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ហៅការចេញដីកាផ្ទេរភារកិច្ចស្មៀនស្រុកបាធាយម្នាក់ជាការ«រៀបចំផ្ទះយើងឲ្យកាន់តែស្អាត»

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៧ មីនានេះបានបង្ហោះសំណេរផេកហ្វេសបុករបស់លោកថា៖ «រៀបចំផ្ទះយើងឲ្យកាន់តែស្អាត» អមដោយដីកាផ្ទេរភារកិច្ចរបស់ស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ ឈ្មោះ ភាព តុលា និងពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះឈ្មោះ តូច សាន បានកើតទុក្ខមិនសុខចិត្តពីសកម្មភាពស្មៀនម្នាក់នេះបានទារលុយចំនួន ២០០ ដុល្លារ ដើម្បីអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍(រៀបការ)កូន។

គួររំលឹកថា ស្រ្តីឈ្មោះ តូច សាន ជាប្រជាពលរដ្ឋ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានកើតទុក្ខមិនសុខចិត្តប្តឹងសុំអន្តរាគមន៍មកកាន់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថា កាលពីរសៀលថ្ងៃទី ៤ មីនា លោក ភាព តុលា ជាស្មៀនឃុំច្បារអំពៅ ស្រុកបាធាយ បានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យ មកលើករូបគាត់( តូច សាន) នៅពេលសុំច្បាប់រៀបការកូនដោយលោក ភាព តុលា បានទារប្រាក់ចំនួន ២០០ ដុល្លារ ជាថ្នូរនឹងការបោះត្រាឱ្យលើលិខិតជាពាក្យសុំច្បាប់ការ ហើយស្រ្តីម្នាក់នេះបានសុំអង្វរមកត្រឹម១០០ ដុល្លារវិញ។

បន្ទាប់ពីមានបណ្តឹងខាងលើ នៅថ្ងៃទី ៦ មីនា ម្សិលមិញលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានចេញដីកា ផ្ទេរភារកិច្ចលោក ភាព តុលា ឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ ៥ ពីស្មៀនឃុំច្បារអំពៅ ឱ្យទៅបម្រើការងារជាមន្រ្តីនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម ហើយបានចេញដីកាតែងតាំងលោកស្រី វី សុង៉ោ ឋានន្តរស័ក្តិក្រមការថ្នាក់លេខ១ ពីមន្រ្តីកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ជារដ្ឋបាលស្រុកបាធាយ មកបម្រើការជាមន្រ្តីស្មៀនឃុំច្បារអំពៅ ជាបណ្តោះអាសន្ន៕