ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តនេះគួរសិក្សាលើសិស្ស ដែលនឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្នុងរង្វង់ចំនួនជិតមួយម៉ឺននាក់ក្នុងមួយឆ្នាំនោះ គឺចាំបាច់ពិនិត្យធ្វើតេស្ត រកសារធាតុគ្រឿងញៀនជាមុនសិន។ នេះដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ក្នុងការចូលរួមគាំទ្រយុទ្ធនាការ ការធ្វើតេស្តរកសារធាតុញៀន និងអនុវត្តបទបញ្ជាលេខ ០១ បប.ឱ្យទទួលបានជោគជ័យ។
លោកអភិបាលខេត្តកំពង់ចាមបានស្នើឡើងបែបនេះ នៅក្នុងការដែលោក និងមន្រ្តីរាជការចំណុះឱ្យរដ្ឋបាលខេត្តមកពី៣៥ នៃមន្ទីរ/អង្គភាព សរុបប្រមាណ ពីរពាន់ នាក់ ដើម្បីធ្វើតេស្តរកសារធាតុញៀន ដែលបានរៀបចំនៅក្នុងសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៦ មីនានេះ។
លោកបានមានប្រសាសន៍ថា៖ ដើម្បីអនុវត្តបទបញ្ជាលេខ ០១ បប. ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មន្រ្តីរាជការទាំងអស់ត្រូវធ្វើវា(តេស្តរកសារធាតុញៀន)មួយឆ្នាំម្តង។ ប៉ុន្តែករណីសង្ស័យ ត្រូវនាំមកពិនិត្យធ្វើតេស្តទៀត។
លោកបានបន្ថែមថា៖ ដោយឡែកនៅតាមបណ្តាមន្ទីរ អង្គភាពនានា មុននឹងជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការងារ គឺត្រូវយកសំណាកធ្វើតេស្តរកសារធាតុញៀន។ ធ្វើដូចគ្នានេះដែរចំពោះក្រុមហ៊ុនឯកជននានា ប្រសិនបើអាចធ្វើបាននោះ។ ចំណែកឯយុទ្ធនាការធ្វើតេស្តនេះ ទៅលើបុគ្គលិកក្រុមហ៊ុន គ្រឹះស្ថានឯកជននានា នឹងធ្វើនៅកន្លែងធ្វើការទាំងរដ្ឋ និងឯកជន។
លោកបានបន្តថា៖ ចំពោះវិស័យអប់រំ ខាងមន្ទីរនេះគួរសិក្សាអំពីសិស្សដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្នុងមួយឆ្នាំ មានក្នុងរង្វង់៨.០០០ នាក់ គឺអាចមុននឹងប្រឡងត្រូវធ្វើតេស្តរកសារធាតុញៀននេះដូចគ្នា។ បញ្ហានេះបើមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមឯកភាពលើគោលការណ៍នេះ ធ្វើផែនការដើម្បីលើកគម្រោងថវិកាទិញឧបករណ៍តេស្តសំណាក ដែលមានតម្លៃមួយសម្រាប់ប្រមាណមួយដុល្លារនោះ៕