សន្ដិសុខសង្គម

គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាជំរុញឲ្យ ខេត្តក្រុងពិនិត្យតាមដានទីតាំងបើកល្បែងស៊ីសងបន្ថែមទៀត

ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាហៅកាត់ថា ( ព.ល.ក )ជំរុញដល់កងកម្លាំងគណ:បញ្ជាខេត្ត ក្រុង ពិនិត្យតាមដានទីតាំងលួចលាក់បើកលេងល្បែងស៊ីសងគ្រប់ប្រភេទបន្ថែមទៀត ក្រោយរកឃើញទីតាំងលេងល្បែងជាង ៣០០កន្លែងក្នុងខេត្តបាត់ដំបង។

ក្នុងពិធីប្រជុំពិភាគ្សាគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤នេះ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថាដើម្បីពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាងនិងគ្រប់ផលប៉ះពាល់ល្បែងគ្រប់ប្រភេទ អគ្គលេខាធិការដ្ឋាន( ព.ល.ក) ត្រូវបង្កើនការពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងពន្លឿនការចុះឈ្មោះទីតាំងដំណើរការលេងល្បែង នានា ពិសេសទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដែលគ្មានអាជ្ញាប័ណ្ណ ឬគ្មានលិខិតអនុញ្ញាតពី (ព.ល.ក) នៅក្នុងមូលដ្ឋានត្រូវផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីមានការសង្ស័យ ឬឃើញមានភាពមិនប្រក្រតីណាមួយ។

ឯកឧត្តម រស់ ភីរុណ បានបញ្ជាក់បន្តថា គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( ព.ល.ក ) អគ្គលេខាធិការដ្ឋាននគរបាលជាតិ កម្លាំងគណ:បញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវសហការគ្នាឲ្យបានល្អក្នុងការចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះទីតាំងបើកល្បែងស៊ីសង ល្បែងផ្សងសំណាងដែលអនុវត្តផ្ទុយនឹងលក្ខ័ណអាជ្ញាបណ្ណល្បែងផ្សងសំណាង និងបង្ក្រាបផលប៉ះពាល់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ជាស្ថាពរចាប់ពីពេលនេះតទៅ។

ជាមួយគ្នាឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងដែរថា ល្បែងស៊ីសងប្រភេទឡូតូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រដែលញៀន និងបានប្រព្រឹត្តវា។ ចំពោះមុខក្នុងភូមិសាស្ត្រក្រុងបាត់បាត់ដំបង មានក្រុមហ៊ុនឆ្នោតផ្សងសំណាងត្រឹមតែ ២ប៉ុណ្ណោះ ទីតាំងល្បែងស៊ីសងក្នុងមូលដ្ឋានសរុបចំនួន ៣២៤កន្លែងបានបិទដំណើរការរួចមកហើយកាលពីថ្មីៗកន្លងមកនេះ៕