ព័ត៌មានជាតិ

កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក

អត្ថបទ ៖លោក យី សុថា

សៀមរាប៖ កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។

រូបភាព: លោក ភោគ ជា

លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។

រូបភាព: លោក ភោគ ជា

ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។

លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសសម្រាប់រូបលោក ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង និងជាលើកទី១ ដែលរូបលោក និងក្រុមការងារបានទៅជួសជុលនៅភ្នំបាខែង។ ពិសេស អង្គការមូលនិធិប្រាសាទពិភពលោក បានស្វាគមន៍យ៉ាងកក់ក្ដៅគួរឱ្យមោទនភាព៕

រូបភាព: លោក ភោគ ជា