ព័ត៌មានជាតិ

រកឃើញពងកន្ធាយក្បាលកង្កែប មួយសម្បុកក្នុងខេត្តក្រចេះ

ដោយ:សុខុម
ស្ទឹងត្រែង៖ប្រជានេសាទបានរកឃើញពងកន្ធាយក្បាលកង្កែបមួយសម្បុកនៅក្នុងឆ្នេរខ្សាច់តាមដងទន្លេ​មេគង្គ ក្នុងខេត្តក្រចេះក្បែរព្រំប្រទល់ខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃទី៤មីនា២០២៤។
ក្រោយពីរកឃើញសម្បុកពងកន្ធាយភ្លាម ប្រជានេសាទក៏បានរាយការណ៍មកកាន់ក្រុម​អភិរក្សនិងមន្ត្រីជំនាញ ដើម្បីការពារពងរបស់វា។


លោកស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បាននិយាយឲ្យដឹងនៅរសៀលថ្ងៃទី៥មីនាថា ក្រោយពីរកឃើញសម្បុកកន្ធាយក្បាលកង្កែបខាងលើ នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ ដឹកនាំកម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង ទៅប្រមូលយកពងចំនួន ៥៥ពង ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងដែលមានសុវត្ថិភាព។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា សម្បុកពងកន្ធាយ​ក្បាលកង្កែបនេះគឺប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូករកឃើញនៅក្បែរ
ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង។


លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយបន្តថាសត្វកម្រប្រភេទនេះបើវាពងហើយមេរបស់វាកប់ក្នុងដីរួចវារចុះទឹកវិញ។រីឯពងគេយកទៅរក្សា ទុកនៅកន្លែងណាមួយតាមបច្ចេកទេស​និងភ្ញាស់ពេលពងវាញាស់ចេញជាកូនធំមាន កម្លាំងមាំមួនហើយទើបយកទៅលែងនៅក្នុងទឹកបាន។ វិធីនេះអាចមានសុវត្ថិភាពការពារពងជាងទុកនៅកន្លែងមានមនុស្សឆ្លងកាត់។


សូមបញ្ជាក់ផងដែរថា សត្វកន្ធាយក្បាលកង្កែបនេះគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីជលផល៕