ព័ត៌មានជាតិ

ដោយសារបញ្ហាអាកាសធាតុបានធ្វើឲ្យសត្វក្រៀលនៅបឹងអន្លង់ព្រីងថយចុះ

ដោយ៖កំចាយ

កំពត: ព្រោះតែអាកាសធាតុក្តៅហួតហែងអូសបន្លាយពេលយូររហូតខ្វះទឹក និងចំណីអាហារបានធ្វើឲ្យបរិមាណសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ ត្រឹមដំណាច់ខែកុម្ភ: ឆ្នាំ២០២៤ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមានចំនួន៧០ក្បាល ខណ:ដែលកាលពីឆ្នាំមុនមានជាង១០០ក្បាល។

លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៤ ខែមីនាឆ្នាំ២០២៤នេះថា គិតត្រឹមថ្ងៃទី២៩ ខែកុម្ភ: វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន៧០ក្បាល។ ក្នុងខែកម្ភ: សត្វក្រៀលដែលបានមកដល់បន្ថែមមានត្រឹមតែ២៨ក្បាល ដោយប្រភេទជំទង់ចំនួន៣ក្បាលប៉ុណ្ណោះ។

លោកនាយកបានបញ្ជាក់ថា បរិមាណនេះគឺផ្ទុយស្រឡះពីការព្យាករណ៍កន្លងមកដែលមន្ត្រីជំនាញរំពឹងថានឹងអាចកើនលើស១០០ក្បាល ដោយសារកាលពីក្នុងខែមករា សត្វពពួកសត្វកម្រនេះបានសម្រុកមករកចំណី និងស្នាក់នៅមានរហូតដល់ជិត៥០ក្បាលទៅហើយ។ កត្តាដែលនាំឱ្យសត្វក្រៀលថយចុះគឺមិនអាចដឹងច្បាស់ថាបណ្តាលមកពីអ្វីពិតប្រាកដទេ តែជាទិដ្ឋភាពជាក់ស្តែង តំបន់អន្លង់ព្រីងឆ្នាំនេះមានសភាពក្តៅហួតហែងរហូតខ្វះទឹក និងចំណីអាហារព្រោះតែរដូវប្រាំងបានអូសបន្លាយយូរ។

លោក ឈឹម ម៉េង បានបន្តថា ប្រសិនបើបរិមាណមិនប្រែប្រួលរហូតដល់វេលាដែលពពួកសត្វកម្រនេះចាកចេញទៅកន្លែងថ្មី នោះមានន័យថាបរិមាណសត្វក្រៀលនៅបឹងអន្លង់ព្រីងបានថយចុះរហូតដល់៣៣ក្បាល ខណ:ដែលឆ្នាំ២០២៣ មានចំនួន១០៣ក្បាល។

សូមបញ្ជាក់ថា ជាធម្មតា ក្រោយធ្វើបន្លាស់ទីពីតំបន់ព្រែកល្ពៅ ខេត្តតាកែវ សត្វក្រៀលបានចុះមករកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីងរហូតដល់ចុងខែមេសា ឬដើមខែឧសភា។ បន្ទាប់ពីនោះ ពពួកសត្វកម្រទាំងនេះនឹងនាំគ្នាធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕