សន្ដិសុខសង្គម

មានជនខិលខូចមួយក្រុមយកឈ្មោះអ្នកធំទៅគំរាមយកដីពលរដ្ឋនៅឃុំបិតត្រាងនិងឃុំរាម

ដោយ៖សហការី
ព្រះសីហនុ៖ បច្ចុប្បន្ននេះមានជនខិលខូចមួយក្រុមកំពុងយកឈ្មោះអ្នកធំនេះ អ្នកធំនោះទៅចង្អុលដីពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលរាប់ពាន់ហិកតានៅក្នុងភូមិសាស្រ្តឃុំបិតត្រាងនិងឃុំរាម។

តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលមានគំរោងអភិវឌ្ឍន៍ធំៗជាច្រើននៅខេត្តព្រះសីហនុ និងស្របពេលដែលជម្លោះដីធ្លីនៅខេត្តព្រះសីហនុហាក់ដូចកក្រើកឡើងវិញនោះ ក៏ស្រាប់តែលេចមុខមនុស្សមួយក្រុមដែលគេស្គាល់ឈ្មោះច្បាស់ បានយកឈ្មោះអ្នកធំមានអំណាចទៅគំរាមបំភិតបំភ័យប្រជាពលរដ្ឋ។

ពួកគេបានយកឯកសារចាស់ៗដែលរដ្ឋ បាននិរាករណ៍ មកប្ដឹងជំទាស់ដើម្បីដណ្ដើមដីពីប្រជាពលរដ្ឋដែលកំពុងតែកាន់កាប់អាស្រ័យផលជាក់ស្តែង។ជាមួយនោះពួកគេកំពុងបង្កចលាចលដោយកៀរគរប្រជាពលរដ្ឋបង្កើតឲ្យមានជាចលនាតវ៉ាធ្វើព្យុះធ្វើភ្លៀង ដោយយកឈ្មោះអ្នកធំមានឥទ្ធិពលមួយចំនួនមកកាង ដើម្បីបំភ័យនិងបន្លាចឲ្យប្រជាពលរដ្ឋយល់ស្របធ្វើអ្វីទៅតាមការចង់បានរបស់ពួកគេ។

ប្រជាពលរដ្ឋបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា មួយរយៈពេលចុងក្រោយនេះ មនុស្សមួយក្រុម បានដើរចង្អុលទីតាំងលើដីរបស់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែង ថាកន្លែងនេះជាដីឯកឧត្តមនេះ កន្លែងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ ឬ ក្រុមហ៊ុននោះស្ទើរគ្រប់កន្លែងនៅក្នុងភូមិសាស្ត្រឃុំបិតត្រាងនិងឃុំរាម ក្នុងទំហំដីរាប់ពាន់ហិកតា។ ជាពិសេសថ្មីៗនេះគេសង្កេតឃើញមនុស្សមួយក្រុមដែលពលរដ្ឋនៅតំបន់នោះសុទ្ធតែបានស្គាល់ច្បាស់នោះ បានដើរប្រមូលកៀរគរប្រជាពលរដ្ឋដែលមានលំនៅឋានឆ្ងាយៗមកផ្ដិតមេដៃ ធ្វើឯកសារទទួលយកនូវគោលនយោបាយ របស់ក្រុមហ៊ុនមួយ ដែលស្នាមមេដៃទាំងនោះមិនមែនជារបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនៅលើទីតាំងដី ចំណុចអូរត្រូល.អូរទ្រាគ.និងចំណុចអូរដា.ដែលចំណុចទាំងបីនេះជាតំបន់ប្រសប់រវាងឃុំចំនួន 3 គឺឃុំបិទត្រាង.ឃុំរាមស្រុកព្រៃនប់ និងឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុទេ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា តាមរយៈសកម្មភាពរបស់មនុស្សមួយក្រុមនេះពួកគាត់ជឿជាក់ថា គឺពុំមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុននោះឡើយ។

ហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ​ដែលប្រឈមមុខនឹងរងគ្រោះ ដោយសារសកម្មភាពរបស់មនុស្សដែលជាមេខ្យល់មួយក្រុមនោះ សូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ គណៈកម្មាធិការដោះស្រាយវិវាទដីធ្លី អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមជួយអន្តរាគមន៍ និងធ្វើការស៊ើបអង្កេតស្រាវជ្រាវទៅលើបុគ្គលមួយក្រុមនោះដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងនៅក្នុងខេត្តព្រះសីហនុដែលជាការបង្កនូវភាពចលាចល និងភាពវឹកវរដល់សង្គមជាតិ បង្កនូវផលវិបាកដល់អាជ្ញាធរមូលដ្ឋាននិងសង្គមជាតិផងដែរ៕