អន្តរជាតិ

ម៉ាឡេស៊ីបន្តស្វែងរកយន្តហោះ MH370 ដែលបាត់ដោយអាថ៌កំបាំងជាមួយមនុស្ស២៣៩នាក់កាលពី១០ឆ្នាំមុន

ប្រែសម្រួល៖សហការី
អាជ្ញាធរម៉ាឡេស៊ីថ្លែងថា ខ្លួនអាចនឹងពិចារណាបន្តតាមប្រមាញ់រកយន្តហោះក្នុងជើងហោះហើរលេខ MH370 ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងលើមហាសមុទ្រឥណ្ឌាកាលពី ១០ ឆ្នាំមុន ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដែលអាជ្ញាធរម៉ាឡេស៊ីនិយាយថាក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនឹងមិនទទួលបានប្រាក់កម្រៃនោះទេលុះត្រាតែរកឃើញវិញនូវយន្តហោះដែលបានបាត់ខ្លួននោះ។

លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឺកជញ្ជូនរបស់ម៉ាឡេស៊ីបានឲ្យដឹងថា ក្រុមហ៊ុនមនុស្សយន្តមុជក្រោមបាតសមុទ្រហៅថា Ocean Infinity ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ត្រូវបានស្នើសុំឲ្យបង្ហាញភស្តុតាងរបស់ខ្លួន អំពីទីតាំងដែលខ្លួនជឿថាជាកន្លែងដែលយន្តហោះបានបាត់ខ្លួនបន្ទាប់ពីយន្តហោះបានបាត់ខ្លួនជាមួយមនុស្សជាង ២៣៩ នាក់នៅលើយន្តហោះកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤។

លោក Loke បាននិយាយថា ប្រសិនបើក្រុមហ៊ុន Ocean Infinity អាចលក់ភស្តុតាងរបស់ខ្លួនដែលជាផ្នែកមួយក្រោមគោលការណ៍ដែលថា “រកមិនឃើញ មិនយកលុយ” នោះគាត់នឹងស្វែងរកការយល់ព្រមពីរដ្ឋាភិបាលដើម្បីស្នើសុំផ្តល់ជាហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងស្វែងរកជាបន្តទៅទៀត។

លោក Loke បានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងអំឡុងព្រឹត្តិការណ៍រំលឹកខួបលើកទី ១០ នៃការបាត់ខ្លួនយន្តហោះជើងហោះហើរលេខ MH370 ថា “រដ្ឋាភិបាលបានតាំងចិត្តស្វែងរកឬកំណត់ទីតាំងរបស់ MH370ដែលយើងអាចនឹងសង្ឃឹមថា ការស្រាវជ្រាវនេះអាចជួយយើងឲ្យរកឃើញយន្តហោះដែលបានបាត់ខ្លួននោះវិញដើម្បីយើងអាចនឹងផ្តល់ការពិតជូនដល់សាច់ញាតិរបស់ពួកគេ”។

យន្តហោះ Boeing 777 ជើងហោះហើរលេខ MH370 បានធ្វើឲ្យមានការចាប់អារម្មណ៍ជាអន្តរជាតិកាលពីមួយទសវត្សរ៍មុន នៅពេលដែលវាបានចាកចេញពីរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ហើយក៏បានបាត់ខ្លួនភ្លាមៗតែម្តងទៅ។

ខណៈពេលដែលទិន្នន័យផ្កាយរណបបានបង្ហាញថា យន្តហោះនោះបានវង្វេងចេញពីគន្លងផ្លូវរបស់វា ហើយហាក់ដូចជាធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង បន្ទាប់មកក៏មានការខិតខំស្វែងរកយ៉ាងទូលំទូលាយជាច្រើនដែលបានផ្តល់នូវតម្រុយតិចតួចអំពីជោគវាសនាពិតប្រាកដរបស់យន្តហោះ និងអ្នកដំណើរនៅលើយន្តហោះ។

ចាប់តាំងពីមានការបាត់ខ្លួនយន្តហោះនោះមក បំណែកជាច្រើនរបស់វាបានបោកបក់រសាត់ទៅកាន់ឆ្នេរសមុទ្រនៅអាហ្វ្រិកខាងកើត និងនៅលើកោះនានាក្នុងមហាសមុទ្រឥណ្ឌា។
Ocean Infinity គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានធ្វើការស្វែងរកយន្តហោះដែលបាត់ ហើយទោះបីជាការស្វែងរកយន្តហោះរបស់ខ្លួនក្នុងឆ្នាំ ២០១៨ រកនៅតែមិនឃើញក៏ដោយក៏ក្រុមហ៊ុនមនុស្សយន្តមុជក្រោមបាតសមុទ្រនៅតែប្តេជ្ញាបន្តស្វែងរក និងដាក់សំណើស្វែងរកជាលើកចុងក្រោយរបស់ខ្លួនកាលពីឆ្នាំមុន។

សមាជិកនៃក្រុម Voice MH370 រួមផ្សំជាមួយសាច់ញាតិអ្នកដំណើរដែលបានបាត់ខ្លួន លោក KS Nathan បាននិយាយថា ក្រុមហ៊ុន Ocean Infinity ត្រូវបានកំណត់ឲ្យបន្តការស្វែងរករបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែការប្រមាញ់រកយន្តហោះត្រូវខកខានដោយសារតែមានការពន្យារពេលនៅក្នុងការផ្លាស់ប្តូរកងនាវាថ្មីរបស់ខ្លួននិងឧបករណ៍ស្វែងរក។

Ocean Infinity មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយរបស់សារព័ត៌មាន ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យនោះទេ។

រដ្ឋាភិបាលម៉ាឡេស៊ីបានបដិសេធមិនបង្ហាញតម្លៃឈ្នួលដែលបានស្នើឡើងដោយក្រុមហ៊ុន Ocean Infinity ប្រសិនបើខ្លួនរកឃើញយន្តហោះនោះ ប៉ុន្តែបានកត់សម្គាល់ថា វាជាកម្មវត្ថុនៃការចរចា៕