សន្ដិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទទៅសាលាដំបូងខេត្ត

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទទៅសាលាដំបូងខេត្ត។

សមត្ថកិច្ចអាវុធហត្ថខេត្តអោយដឹងថា: ដោយទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយធ្វើកាឃាត់ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស ឣាយុ៣១ឆ្នាំ រស់នៅមិនពិតប្រាកដ ព្រមទាំងដកហូតទូរសព្ទដៃ០១គ្រឿងម៉ាក IPHONE 12PROMAK ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងបន្តថា : ករណីលួចទូរសព្ទនេះធ្វើឡើងតាមរយ:បណ្ដឹងជនរងគ្រោះឈ្មោះ ហេង សុខឃាំង ភេទប្រុស ឣាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ហាងលក់ទូរសព្ទ។

ជនសង្ស័យក្រោយពីឃាត់ខ្លួននិងសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២២ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រូបខ្លួនបានមកទិញស្រោមទូរសព្ទនៅម្នុំផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ពេលរូបខ្លួនចូលទិញស្រោមទូរសព្ទក្នុងហាងរបស់ជនរងគ្រោះ បានឃើញទូរសព្ទ១គ្រឿងសាកនៅលើតុ សាកថ្មទុកចោល ។

ដោយម្ចាស់ហាងកំពុងរវល់លក់ទូរសព្ទឱ្យភ្ញៀវ ពេលនោះរូបខ្លួនបានយកទូរសព្ទនោះដាក់ចូលក្នុងហោប៉ៅខោរបស់ខ្លួន ហើយដើរចេញពីហាង ។ខណៈនោះ ស្រាប់តែម្ចាស់ហាងតាមទាន់ ហើយឆែកលើរូបខ្លួនរកឃើញទូរសព្ទ ហើយចាប់ទុក រួចប្រគល់ខ្លួននិងទូរសព្ទឱ្យឣាវុធហត្ថក្រុងមកយកតែម្ដង។

ដោយយោងតាមចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត ហើយសមត្ថកិច្ចសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ទៅតុលាការ ។
ចំណែកទូរសព្ទជាវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប្រគល់ឲ្យម្ចាស់ដើមវិញ ៕