ព័ត៌មានជាតិ

ចងកិច្ចសហប្រតិបត្តិការមិត្តភាពនិងពិភាក្សាការងាររវាងរដ្ឋបាលស្រុកហ្គឹមសាន ខេត្តចូឡាប៊ូកសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :មានកិច្ចប្រជុំជួបសម្តែងការគួរសម និងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព និងពិភាក្សាការងាររវាងរដ្ឋបាលស្រុកហ្គឹមសានខេតចូឡាប៊ូកនៃសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនោះបានធ្វើនៅសាលប្រជុំ (ខ)សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ក្នុងនោះអញ្ជើញទទួលដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។

ចំណែកភាគីកូរ៉េ មានលោក ហាជីមិ សៃតុ ប្រធានសហព័ន្ធសន្តិភាពសាកល ប្រចាំឥណ្ឌូចិននិងលោក ប៉ាក់ ប៊ូមអ៉ីន អភិបាលក្រុងហ្គឺមសាន នៃសាធារណរដ្ឋកូរ៉េ ដើម្បីសម្ដែងការគួរសម និងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាព រវាងរដ្ឋបាលស្រុកហ្គឺមសានខេត្តចូឡាប៊ូកនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងរដ្ឋបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ។

នេះជាការតបតាមការអញ្ជើញរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីលោកដឹកនាំប្រតិភូទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ កាលអំឡុងខែវិច្ឆិកាឆ្នាំ ២០២៣។

កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមដោយអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាក្នុងខេត្តផងដែរ ៕