សន្ដិសុខសង្គម

ស្នើដល់មន្ទីរចំនួនបីរួមសហការពិនិត្យតាមដានសកម្មភាពកកាយថ្មពីបាតទន្លេឡើងគោកវិញនៅស្រុកស្រីសន្ធរឱ្យអស់

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរចំនួន បី ចូលរួមសហការជាមួយក្រុមការងារប្រមូលថ្មចេញ ពីក្នុងទន្លេមេគង្គរបស់ រដ្ឋបាលខេត្តពោល គឺធ្វើយ៉ាងណាឱ្យប្រាកដថា ថ្មដែលចាក់ចូលក្នុងផ្ទៃទន្លេជាង មួយម៉ឺន ម៉ែត្រគុបនេះត្រូវបានយកចេញអស់។ ខណៈភាគីអ្នកបង្កថា នឹងប្រើពេល មួយ សប្តាហ៍ទៀត យកថ្មចេញឱ្យអស់ពីក្នុងផ្ទៃទន្លេនេះ។

លោកអភិបាលខេត្តកំពង់ចាមបានស្នើឡើងយ៉ាងដូច្នេះ ខណៈដែលលោកបានដឹកនាំ សហការី នៃរដ្ឋបាលខេត្តនេះ ចុះពិនិត្យជាក់ស្តែងពីដំណើរការ នៃការអនុវត្ត ការកកាយថ្មចេញពីផ្ទៃទន្លេមេគង្គ នៅក្នុងភូមិសាស្រ្តភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដែលបានចាប់ ផ្តើមកាលពីថ្ងៃទី ២៤ កុម្ភៈ សប្តាហ៍កន្លងទៅនេះ។

លោកបានមានប្រសាសន៍ថា៖ តាមការពិនិត្យជាក់ស្តែង និងការបញ្ជាក់របស់ម្ចាស់ដីបានកកាយថ្មចេញមកដាក់លើគោកសម្រេចបានប្រមាណ ៧០ភាគរយហើយ។ ហើយពួកគាត់កំពុងបន្ត កាយយកថ្មដែលនៅសល់ប្រមាណ ៣០ ភាគរយទៀត គឺធ្វើយ៉ាងណាឲ្យអស់ពីក្នុងទន្លេ ដើម្បីចៀសវាងការប៉ះពាល់ នៃការធ្វើដំណើររបស់នាវាចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនេះ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នែនាំរបស់រដ្ឋបាលខេត្ត ដែលបានកំណត់ឲ្យយកថ្មចេញអស់ធ្វើយ៉ាងណារក្សាស្ថានភាពដើម នៃទន្លេឡើងវិញ។

លោកបានបន្តថា៖លោកបានស្នើដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយប្រើប្រាស់ពោងជាសញ្ញាកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងដើម្បីឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្រ្តីនៃ មន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីផ្ទៃទន្លេដែលបានចាក់ចូលកន្លងមកនោះ។

លោក ឌឿង ស៊ីណុន ជាអ្នកគ្រប់គ្រងការដ្ឋានកកាយថ្មចេញពីផ្ទៃទន្លេវិញ នៅទីតាំងខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២ ខែមីនា ដែរថា៖ ថ្មដែលបានដឹកជញ្ជូនចាក់ក្នុងផ្ទៃទន្លេសរុបកន្លងមកចំនួន ១៨ ផ្លុងតុង ស្មើនឹង ១១.៧០០ ម៉ែត្រគុប។
អ្នកគ្រប់គ្រងការដ្ឋានបានបន្តថា៖ បច្ចុប្បន្នបានប្រើពេល ២៤ ម៉ោង កកាយវា(ថ្ម)ចេញវិញបានប្រហែល ៨.០០០ ម៉ែត្រគុប យកទៅចាក់លើគោកចម្ងាយពីកន្លែងកាយ ២០០ម៉ែត្រ ដោយចំណាយប្រមាណ ប្រាំបី ថ្ងៃទាំងថ្ងៃនេះ គឺនៅសេសសល់ប៉ុន្មានទៀត យើងនឹងប្រើពេលប្រមាណ មួយ សប្តាហ៍ទៀតនឹងរួចរាល់ ១០០ ភាគរយ៕