អត្ថបទ៖ ឆាយ ផាន់នី
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។
កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធន៍ និងជំនាញ យ៉ាងហោចណាស់ក៏ជាង១០ឆ្នាំដែរ។
ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ។
![](https://cambodiaflashnews.com/wp-content/uploads/2024/02/៦-37.jpg)
អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន៥ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង។ រីឯប្រាសាទនាគព័ន្ធ ស្ថិតក្នុងគម្រោងថែទាំ សម្អាតស្មៅនៅជុំវិញស្រះ អស់រយៈពេលជាង១០ឆ្នាំមកដែរ។
បន្ថែមលើនេះ ក្នុងអំឡុងពេល៣៥ឆ្នាំ អង្គការមូលនិធិប្រាសាទពិភពលោក( WMF) ក៏បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅប្រទេសកម្ពុជា ដូចជា ការបណ្តុះបណ្តាលធនធានមនុស្សនិស្សិត កម្មករ មេជាង ឱ្យក្លាយទៅជាអ្នកជំនាញពិតប្រាកដ ធ្វើការដោយខ្លួនឯងដោយមិនពឹងផ្អែកលើអ្នកជំនាញអន្តរជាតិ។ ជួយចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបរបស់កម្ពុជា ហើយក៏បានធ្វើឱ្យមានស្ថិរភាព និងអភិរក្សប្រាសាទសំខាន់ៗជាដើម៕
![](https://cambodiaflashnews.com/wp-content/uploads/2024/02/៤-74.jpg)